កូនសម្តេចពិជ័យសេនា ទៀ បាញ់ ទទួលបានការដំឡើងឋានន្តរស័ក្តិ ជាឧត្តមមន្ត្រី ខ្ពស់ផុតលេខ

សង្គម​និង​សេដ្ឋកិច្ច

លោក ទៀ សីហា អភិបាលខេត្តសៀមរាប ដែលជាកូនប្រុសរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ​ ​​​​ត្រូវ​បាន​ទទួល​ការ​ដំឡើង​ឋានន្តរស័ក្តិ និង​ថ្នាក់ ​ពី​ឧត្តមមន្ត្រី ថ្នាក់​លេខ​២ មក​ជា​ឧត្តមមន្ត្រី ថ្នាក់លេខ១ ដែល​ជា​ឋានន្តរស័ក្តិ​ខ្ពស់​ជាង​គេ​បំផុត​ ក្នុង​​ក្របខណ្ឌ​មន្ត្រីរាជការ​ស៊ីវិល ​​​​កាលពី​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ទៀ សីហា បានបញ្ចប់​បរិញ្ញាបត្រ ​ផ្នែក​ពាណិជ្ជកម្ម ពី​មហាវិទ្យាល័យ Passy Saint-Honoré នាទី​ក្រុងប៉ារីស ប្រទេស​បារាំង នៅឆ្នាំ ​២០០១​។ ក្នុង​ដំណាក់កាល​នោះ លោកបាន​ចូល​សិក្សា​រយៈពេល​ពេញ​មួយឆ្នាំ នៅ​សាលា​ទាហាន ឈ្មោះ École Spéciale Militaire de Saint-Cyr ដែលជា​រាជបណ្ឌិត្យ​សភា​យោធា​របស់​ប្រទេស​បារាំង។

កូនប្រុសទី២ របស់សម្តេចពិជ័យសេនា ទៀ បាញ់ រូបនេះ ត្រូវ​បាន​ត្រាស់​បង្គាប់​តែងតាំង​ជា​អភិបាលខេត្ត​សៀមរាប​ ជំនួស​លោក ឃឹម ប៊ុ​ន​សុង ដែល​ត្រូវ​បាន​ព្រះមហាក្សត្រ​ត្រាស់​បង្គាប់​ដំឡើង​ឋានន្តរ​សក្តិថ្នាក់​នាយ​ឧត្តមសេនីយ៍​(​ផ្កាយ​៤) និងតែង​តាំង​​ជា​រដ្ឋលេខាធិការ​ក្រសួងការពារជាតិ​វិញ កាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨ ខណៈដែល​ពី​មុន លោក​​ ទៀ សីហា ជា​អភិបាលរង​ខេត្តសៀមរាប​ និង​ជា​នាយទាហានជាន់ខ្ពស់​នៅ​ក្រសួងការពារជាតិ​ ដែល​មាន​ឋានន្តរ​សក្តិឧត្តមសេនីយ៍ទោ ផងដែរ៕