ក្រុមហ៊ុនថាមពលដ៏ធំមួយរបស់ចិន Energy China បានចាប់អារម្មណ៍ចង់វិនិយោគលើវិស័យទឹកស្អាតនៅកម្ពុជា។
ក្រុមហ៊ុន Energy China គឺជាក្រុមហ៊ុនរដ្ឋចិនដ៏ធំមួយ ដែលផ្តោតការវិនិយោគលើវិស័យថាមពល ទឹកស្អាត និងហេដ្ឋារចនាសម្ព័ន្ធ។ ក្រុមហ៊ុននេះមានបទពិសោធន៍ជាងពីរទស្សវត្សរ៍នៅកម្ពុជា និងមានបំណងពង្រីកការវិនិយោគរបស់ខ្លួនក្នុងវិស័យទឹកស្អាត។

នៅក្នុងជំនួបពិភាក្សាការងារនាពេលថ្មីៗនេះ ជាមួយរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មកម្ពុជា លោក Zhang Deliang អគ្គនាយករងក្រុមហ៊ុន China Energy International Group បានលើកឡើងថា ក្រុមហ៊ុនលោក មានបំណងវិនិយោគរយៈពេលវែងនៅកម្ពុជា ក្រុមហ៊ុនមានរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតជាង ៧០ ទីតាំងនៅក្នុងប្រទេសចិន ជាមួយសមត្ថភាពផលិតជាង ៤,៥ លានម៉ែត្រគូបក្នុងមួយថ្ងៃ ព្រមទាំងគម្រោងអន្តរជាតិសំខាន់ៗនានា ដូចជានៅប្រទេសប្រេស៊ីល និងអារ៉ាប់រួម។ ដូច្នេះក្រុមហ៊ុន China Energy ជឿជាក់ខ្លាំងថា ជំនាញបច្ចេកទេស និងធនធាន អាចគាំទ្រគោលដៅអភិវឌ្ឍន៍វិស័យទឹកស្អាតរបស់កម្ពុជា។
លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានជម្រាបជូន គណៈប្រតិភូអំពីស្ថានភាពនៃវិស័យទឹកស្អាតនៅកម្ពុជា ដែលរួមមានរដ្ឋាករទឹកចំនួន១១ និងប្រតិបត្តិករទឹកស្អាតឯកជនជាង ៤០០ នៅទូទាំងប្រទេស។
លោកបានលើកឡើងថា កម្ពុជាមានប្រតិបត្តិករទឹកស្អាតច្រើនដែលមានសមត្ថភាពបច្ចេកទេស និងធនធានផ្សេងៗគ្នា។ ស្ថានភាពនេះខុសប្លែកពីស្ថានភាពនៅប្រទេសផ្សេងទៀត ប៉ុន្តែវាក៏ជាឱកាសសម្រាប់ការវិនិយោគខ្នាតធំផងដែរ។ យើងស្វាគមន៍ដៃគូវិនិយោគនានា រួមទាំង Energy China ដែលអាចនាំមកទាំងជំនាញបច្ចេកទេស និងហិរញ្ញវត្ថុរយៈពេលវែង ខណៈដែលតម្រូវការទឹកស្អាតនឹងបន្តកើនឡើងជាមួយកំណើននៃការអភិវឌ្ឍឧស្សាហកម្ម និងសេដ្ឋកិច្ចរបស់យើង។”