ក្រសួងទេសចរណ៍កម្ពុជា បានស្នើទៅកាន់អគ្គនាយករងប្រតិបត្តិ និងជាប្រធានផ្នែកកិច្ចការអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ Asiana Airline របស់កូរ៉េ ឱ្យពិនិត្យលទ្ធភាពពង្រីកការហោះហើរត្រង់ជាប្រចាំមកកាន់ខេត្តសៀមរាប និងខេត្តព្រះសីហនុ។

ការស្នើនេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាងលោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងគណៈប្រតិភូជាន់ខ្ពស់ ជាមួយលោក Park Jongman អគ្គនាយករងប្រតិបត្តិ និងជាប្រធានផ្នែកកិច្ចការអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ Asiana Airline ព្រមទាំងសហការី កាលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥។
នាឱកាសនោះ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានឱ្យដឹងថា ជំនួបពិភាក្សានេះ គឺដើម្បី ពិភាក្សាការងារលើកិច្ចសហប្រតិបត្តិការទេសចរណ៍កម្ពុជា-កូរ៉េ នៅពន្លារបស់ក្រសួងទេសចរណ៍។
ឆ្លៀតក្នុងឱកាសនេះ លោករដ្ឋមន្រ្តី ក៏បានថ្លែងនូវអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការចូលរូមចំណែករបស់ក្រុមហ៊ុនលើសេវាកម្មដឹកជញ្ជូនអ្នកដំណើរ និងអ្នកទេសចរតាមផ្លូវអាកាសរវាងកម្ពុជា និងកូរ៉េ ប្រកបដោយផាសុកភាព និងសុវត្ថិភាពខ្ពស់រហូតមក។

ទន្ទឹមគ្នានេះ លោកក៏បានស្នើសុំបន្តជួយ ព្រមទាំងស្នើពិនិត្យលទ្ធភាពពង្រីកបន្ថែមទៀតតាមរយៈការហោះហើរត្រង់ និងជាប្រចាំមកខេត្តសៀមរាប និងខេត្តព្រះសីហនុដែលជាតំបន់ទេសចរណ៍ដ៏ពេញនិយម ដើម្បីផ្តល់ភាពងាយស្រួលមួយកម្រិតទៀតដល់ប្រជាជន និងវិនិយោគិនកូរ៉េ និងអន្តរជាតិដែលធ្វើដំណើរមកប្រទេសកម្ពុជាឱ្យបានកាន់តែច្រើនបន្ថែមទៀតផងដែរ។
បើតាមក្រសួងទេសចរណ៍ បានឱ្យដឹងថា នៅក្នុងឆ្នាំ២០២៤ កម្ពុជាទទួលបានទេសចរអន្តរជាតិបានជាង ៦,៧ លាននាក់ កើនឡើង ២២,៩% ធៀបនឹងឆ្នាំ២០២៣ និងទេសចរជាតិប្រមាណ ២២,៥លាននាក់ កើនឡើងជាង២០% រួមជាមួយចំណូលទេសចរណ៍បានចាក់បញ្ចូលក្នុងចរន្តសេដ្ឋកិច្ចកម្ពុជាប្រមាណ ៣,៦ពាន់លានដុល្លាអាម៉េរិក។