ភាពយន្តចម្រៀង“ជីវិតក្មេងវត្ត” ប្រើពេល​ផលិត​ជិត​​មួយ​​ឆ្នាំ​ និង​ចំណាយ​​ថវិកា​ជាង​​១០​ម៉ឺន​​​ដុល្លារ

សង្គម​និង​សេដ្ឋកិច្ច

“ជីវិតក្មេងវត្ត” ជាខ្សែភាពយន្តចម្រៀង បរិយាយពីប្រវត្តិ និងជីវិតតស៊ូស្វែងរកចំណេះវិជ្ជាកាល​​ពីកុមារ​ភាព របស់​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ខ្សែ​​ភាពយន្តចម្រៀង​នេះ ត្រូវបានសមាគមសិល្បករខ្មែរ ប្រើ​​ពេលផលិតជិតមួយឆ្នាំ និងចំណាយ​​ថវិកា​អស់ជាង១២ម៉ឺន​​ដុល្លារ ដោយបានដាក់សម្ពោធ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ​២០​២២នេះ នៅ​ក្រសួងរៀបចំដែនដី នគរូប​នីយកម្ម និងសំណង់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកជំទាវ ចន ច័ន្ទលក្ខិណា ប្រធានសមាគមសិល្បករខ្មែរ បានឱ្យដឹងថា ខ្សែភាពយន្តចម្រៀង “ជីវិត​​ក្មេងវត្ត” មាន​រយៈ​ពេល ៣១នាទី ដែលមានអត្ថន័យ អត្ថរសនិងខ្លឹមសារគ្រប់គ្រាន់​​ស្របតាម​​សាច់​រឿង​​ពិតរបស់​​សម្ដេចតេជោ ដែល​ឈុត​ឆាក​នីមួយៗ អ្នកដឹកនាំសម្ដែង លោក ហ្វៃ សំអាង ដោយ​​បាន​គោរព​​សុំអនុសាសន៍ពី សម្តេចតេជោបន្ថែម ដើម្បី​សម្រិត​​សម្រាំងឱ្យល្អបំផុត។

លោកជំទាវ ចន ច័ន្ទលក្ខិណា បានបញ្ជាក់ថា “ភាពយន្តចម្រៀងនេះចំណាយអស់ជាង ១២ ម៉ឺនដុល្លារ ហើយផែន​​ការ​បន្ទា​ប់ មានគម្រោងផលិតភាពយន្តចម្រៀងរបស់សម្ដេចពុកជាច្រើនទៀត។ ភាពយន្ត​ចម្រៀងបទ “ជីវិតក្មេងវត្ត” ជាការ​ផលិត​ឡើង​​ដោយយកចិត្តទុកដាក់ និងសម្រិតសម្រាំងបំផុតពី​គណៈ​គ្រប់គ្រងភាព​យន្ត​ដែលចំណាយពេលថត និងកាត់​តជិត​មួយ​​ឆ្នាំ”។

លោកជំទាវ ចន ច័ន្ទលក្ខិណា លើកឡើងបន្តថា ឆ្លៀតក្នុងឱកាសនេះ «នាងខ្ញុំសូមរំលឹកពីការថតភាពយន្តចម្រៀង “ជីវិត​ក្មេងវត្ត” ក្រុមផលិតបានជួបនូវឧបសគ្គមួយចំនួន ដូចជាការស្វែងរកទីតាំងថត ស្ថានភាពអាកាសធាតុក្ដៅ ភ្លៀង ស្ថាន​ភាពធ្វើដំណើរ និងបញ្ហាមួយចំនួនទៀត ប៉ុន្តែក្រុមផលិតបានពួតដៃគ្នាធ្វើកិច្ចការងារប្រកបដោយជោគជ័យ»។

“តួយ៉ាងទីតាំង​លក្ខណៈបុរាណ មួយចំនួនត្រូវបានអភិវឌ្ឍកែ​ប្រែមុខមាត់ថ្មីដោយសារ​ម្លប់សន្តិភាពក្រោម​ការដឹកនាំដ៏​ឆ្លៀសររបស់សម្តេចពុក ម្ល៉ោះហើយយើងមានការលំបាក​ក្នុងការស្វែងរកទីតាំងថត ប៉ុន្តែយើងខ្ញុំជាកូន​ជាចៅសប្បាយ​ចិត្តពេលឃើញ ប្រទេសយើងមានការរីកចម្រើន។ ទីតាំងថតសំខាន់ៗរួមមាន វត្តនាគវន្ត វិទ្យាល័យឥន្ទ្រទេវី និង​​តំបន់​​ជើងភ្នំ មាត់បឹង…មួយចំនួនតាមបណ្តារាជធានីខេត្ត”។ នេះបើតាមការបញ្ជាក់បន្ថែមរបស់ លោកជំទាវ ចន ច័ន្ទលក្ខិណា ។

គួរបញ្ជាក់ថា ចម្រៀង “ជីវិតក្មេងវត្ត” ជាស្នាដៃនិពន្ធ របស់សម្ដេចតេជោ ហ៊ុន សែន នៅឆ្នាំ ១៩៩៦ សំនៀង ដើមលោក យិន សារិន និងច្រៀងឡើងវិញដោយលោក ជិន វឌ្ឍនា។ ភាពយន្តចម្រៀង “ជីវិតក្មេងវត្ត” មានផលិតករ៣ នាក់ ទី១ លោក​​ជំទាវ ចន ច័ន្ទលក្ខិណា ទី២ ឧកញ៉ា ហេង ឡុង និងទី៣ ឧកញ៉ា អ៊ឹង លីហេង។ ក្នុងនោះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយក​ក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ាត្រា បានឧបត្ថម្ភបច្ចេកទេសថត និងសម្ភារៈបម្រើឱ្យការផលិត។ ដឹកនាំសម្ដែង​ដោយលោក ហ្វៃ​ សំអាង តួអង្គសម្តែងមានដូចជា អ្នកគ្រូ ឌី សាវ៉េត កញ្ញា ឌួង ហ្សូរីដា លោក ឈឹម សក្កដា លោក ប៉ាន់ មាឌូ កញ្ញ នីតា វររង្ស លោក ម៉េង ប៊ុនឡូ លោក ពៅ ពិសិដ្ឋ អ្នកនាង លី ម៉ារីណា និងមានតួ​​អង្គជាច្រើនទៀត៕