ឯកអគ្គរដ្ឋទូតគុយបា ស្នើសុំរដ្ឋសភាកម្ពុជាបន្តរឹតចំណងមិត្តភាព គាំទ្រគ្នានៅលើឆាកអន្តរជាតិ

សង្គម​ និង​សេដ្ឋកិច្ច

ឯកអគ្គរដ្ឋទូតគុយបា បានស្នើសុំរដ្ឋសភាកម្ពុជាបន្តរឹតចំណងមិត្តភាព គាំទ្រគ្នានៅលើឆាកអន្តរជាតិ និងពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២។ ការស្នើសុំរបស់ឯកអគ្គរដ្ឋទូតគុយបា ក្នុងឱកាសជំនួបពិភាក្សាការងារជាមួយ លោកស្រី និន សាផុន ប្រធានគណៈកម្មការទី៩ នៃរដ្ឋសភា និងជាប្រធានក្រុមមិត្តភាព​រដ្ឋសភា​កម្ពុជា-​គុយបា នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងជំនួបនោះ លោកស្រី មីឡេនណា ការីដាដ ហ្សាឌីវ៉ា ពាដ្រា (Milena Caridad Zaldívar Piedra) ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព នៃ​សាធា​រណរដ្ឋគុយបា ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានបង្ហាញពីបច្ចុប្បន្នភាពថ្មីៗនៃស្ថានការណ៍​នៅក្នុងប្រទេស​ទាំង​ពីរ កម្ពុជា-គុយបា និងការពង្រឹងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការជាប្រវត្តិសាស្ត្រ នៃប្រទេសទាំងពីរ ឱ្យ​កាន់​តែរឹងមាំ និងសកម្មឡើង ដើម្បីបម្រើដល់ផលប្រយោជន៍នៃប្រទេសទាំងពីរ។

លោកស្រីឯកអគ្គរដ្ឋទូតគុយបា បានសម្តែងនូវការអរគុណ និងសុំឱ្យរដ្ឋសភាកម្ពុជា និងក្រុមមិត្តភាពរដ្ឋសភា​កម្ពុជា-​គុយបា ជួយគាំទ្រក្នុងបេសកកម្មការទូតរបស់លោកជំទាវនៅកម្ពុជា។   ជាមួយគ្នានេះ លោកជំទាវក៏បាន​ស្នើសុំឱ្យរដ្ឋសភាកម្ពុជា បន្តចំណងមិត្តភាព បង្ហាញការគាំទ្រគ្នានៅលើឆាកអន្តរជាតិ ពង្រឹងពង្រីកកិច្ចសហ​ប្រតិ​បត្តិការរវាងប្រទេសទាំង២។

ជាការឆ្លើយតប លោកស្រី និន សាផុន បានវាយតម្លៃខ្ពស់ចំពោះចំណងការទូតសាមគ្គីភាពជាប្រពៃណី និងកិច្ច​សហ​ប្រតិបត្តិការរវាងប្រទេសទាំងពីរ ដែលបាននឹងកំពុងពូនជ្រំជាបន្តបន្ទាប់ ដើម្បីជាគុណប្រយោជន៍​នៃការ​អភិ​វឌ្ឍប្រទេសប្រកបដោយចីរភាព ស្ថិរភាពក្នុងតំបន់ និងលើពិភពលោក និងបន្តថែរក្សា ជួយគាំទ្រគ្នាទៅវិញ​ទៅមក​ក្នុង​គ្រប់កាលៈទេសៈ។

គួរបញ្ជាក់ដែរថា ក្នុងជំនួបខាងលើភាគីទាំងពីរ ក៏បានផ្លាស់ប្ដូរបទពិសោធន៍ គ្នាលើការងារវិនិយោគ កសិកម្ម អប់រំ ទេសចរណ៍ សុខាភិបាល កិច្ចការនារី និងពាណិជ្ជកម្ម ផងដែរ៕