អគ្គនាយក​​​ជាជនជាតិ​ខ្មែរ​ ឡើង​គ្រប់​គ្រង​ក្រុមហ៊ុន​លំដាប់​ពិភពលោក RMA ប្រចាំនៅ​​កម្ពុជា

សង្គម​និង​សេដ្ឋកិច្ច

ក្រុមហ៊ុន RMA Cambodia ជាក្រុមហ៊ុនដ៏ធំលំដាប់អន្តរជាតិ ដែល​ចាប់ផ្តើម​អាជីវកម្ម​នៅប្រទេស​កម្ពុជា​ចាប់តាំង​ពី​ឆ្នាំ ១៩៩២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាំងពីចាប់ផ្តើមបើកអាជីវកម្មក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន RMA មានអ្នកគ្រប់គ្រង និងអគ្គនាយកជាជនជាតិបរទេស ប៉ុន្តែនៅឆ្នាំ២០១៤ ក្រុមហ៊ុន​បាន​តែងតាំំង​លោក ងន សាំង ​ជាជនជាតិខ្មែរ​​ឡើង​កាន់កាប់តំណែងកំពូល​​ជា​អគ្គនាយកជំនួសជនបរទេស​ជា​លើកដំបូង។

លោក ងន សាំង អគ្គនាយកក្រុមហ៊ុន RMA Cambodia

ក្នុង​ជីវប្រវត្តិ​បាន​បញ្ជាក់​ថា លោក ងន សាំង បាន​ចូល​បម្រើ​ការងារ​នៅ​ក្រុមហ៊ុន RMA ក្នុង​ឆ្នាំ ១៩៩៦ ក្នុង​នាម​ជា​បុគ្គលិក​ហាត់​ការ។ រយៈកាល​បន្តបន្ទាប់ លោក​បាន​វិវឌ្ឍន៍​ខ្លួន​មកកាន់​តួនាទី​សំខាន់ៗ​ជាច្រើន​ដូចជា​ក្នុង​ផ្នែក​គណនេយ្យ និង​ហិរញ្ញវត្ថុ និង​ក្រោយ​មក​​ឡើង​​ជា​អគ្គនាយករង​និង​នាយក​ផ្នែក​ហិរញ្ញវត្ថុ​ក្នុង​ឆ្នាំ ២០០៧។​

លោក ងន សាំង ជាកូនកសិករ រស់នៅក្នុងភូមិក្រាំងឡង ឃុំជើងគួន ស្រុកសំរោង ខេត្តតាកែវ។ លោកមានបងប្អូន​ ៦ នាក់ ដែលសុទ្ធតែមានការជំរុញឲ្យបានសិក្សារៀនសូត្រ ពីលោកឪពុកអ្នកម្តាយរបស់លោក។

លោក ងន សាំង​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ ផ្នែក​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច នៅ​សាកលវិទ្យាល័យ ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​ និង​សញ្ញាប័ត្រ​អនុបណ្ឌិត​ផ្នែក​គ្រប់គ្រង​អាជីវកម្ម​ពី​វិទ្យាស្ថាន​បច្ចេកវិទ្យាអាស៊ី (Asian Instituteof Technology) ពី​ប្រទេស​ថៃ។​ លោក​គឺ​ជា​ជនជាតិខែ្មរ​ទីមួយ ដែល​បាន​ទទួល​ការ​សិក្សាជំនាញ គ្រប់គ្រង អាជីវកម្ម​ពី​សាកលវិទ្យាល័យ​ហាវើត ដ៏​ល្បីល្បាញ​នៅ​សហរដ្ឋ​អាមេរិច (Harvard​ Business School General Management Program)។

ក្នុង​បទសម្ភាសន៍​ឲ្យ​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​កាលពី​ឆ្នាំ ២០១៦ លោកបានលើកពីទម្លាប់ពេល​បំពេញ​ការងារ​ថា៖

“ខ្ញុំតែងតែធ្វើការងារឲ្យរួចរាល់ ខ្ញុំអត់ចាំបាច់ឲ្យគេមកសួរខ្ញុំថា ធ្វើហើយនៅទេ។ នៅពេលដែលខ្ញុំធ្វើការងាររួចរាល់ហើយ នៅសល់ពេលខ្ញុំតែងតែ សួរអ្នកគ្រប់គ្រង់ថា តើខ្ញុំអាចជួយ ធ្វើអ្វីបាន មានអ្វីខ្លះសល់មិនទាន់ធ្វើ?។ និយាយទៅខ្ញុំតែងតែ ចង់បានការងារធ្វើច្រើន ហើយដោយសារជោគជ័យ ដែលយើងបានធ្វើនេះហើយ និងដោយសារតែលក្ខណៈសម្បត្តិ នៃការងាររបស់យើង ទើបខ្ញុំចេះតែត្រូវបានថ្នាក់ដឹកនាំ ដំឡើងតំណែងបន្ត​បន្ទាប់​នៅក្នុងក្រុមហ៊ុន RMA»។

លោក ងន សាំង ក៏បានចែករំលែកនូវសារ ដែលគន្លឹះសម្រាប់យុវជន យុវនារី ដែលចង់បានជោគជ័យការងារយ៉ាងដូច្នេះថា «ស្អីក៏ដោយសួរខ្លួនឯងសិន។ សួរថាអ្វីដែលយើងធ្វើនេះ យើងពេញចិត្តឬអត់? ប្រសិនបើយើងអត់ទាន់ពេញចិត្ត អ្នកដទៃគេអត់ពេញចិត្តទេ។ ប្រសិនយើងធ្វើ យើងសួរខ្លួនយើង ហើយយើងពេញចិត្តខ្លួនយើង គឺអ្នកដទៃគេពេញចិត្តហើយ យើងនឹងជោគជ័យ។ កត្តាជោគជ័យវាមានច្រើន តែគា្រន់ថា វាជាកត្តាសំខាន់បំផុត គឺកន្លែងនឹងឯង បើយើងធ្វើអីក៏ដោយសួរថា យើងពេញចិត្តអត់ យើងយល់ខ្លួនឯងអត់ យើងចេះគិតថា អាហ្នឹងយកជាការបានអត់ បើចម្លើយយើងឆ្លើយខ្លួនឯងថា បានៗ បានៗ គេក៏បានដែរ តែបើខ្លួនយើងអត់ យើងធ្វើមិនបាន ទៅសួរគេ គេក៏អត់ដូចយើងដែរ»។

សព្វថ្ងៃក្រុមហ៊ុន RMA Cambodia បានពង្រីកសេវាកម្មរបស់ខ្លួន តាមរយៈផ្គត់ផ្គង់ផលិតផល និងសេវាកម្មល្បីៗលើពិភពលោក ដូចជារថយន្ត (Ford, Jaguar, Land Rover, Range Rover) គ្រឿងយន្តកសិកម្ម និងគ្រឿងចក្រ (John Deere, JCB, Mitsubishi Fuso) សម្ភារៈសម្រាប់ឃ្លាំង និងមានក្រុមហ៊ុន ៣ ជាបុត្រសម្ព័ន្ធ៖ ក្រុមហ៊ុន RMA Financial Services (សេវាហិរញ្ញប្បទាន) ក្រុមហ៊ុន ជួលរថយន្ត​ (AVIS) និងក្រុមហ៊ុនសេវាចំណីរអាហារ (EFG)៕