សម្តេចធិបតី ហ៊ុន ម៉ាណែត មិនចង់ឃើញខាងវិស័យណាដួលរលំទេ បើតឹងពេកក៏ដាច់ ធូរពេកក៏មិនល្អដែរ

សង្គម​និង​សេដ្ឋកិច្ច

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានស្នើដល់វិស័យធនាគារ និងវិស័យអចលទ្រព្យ ធ្វើការជួយសម្រួលដល់អតិថិជនរបស់ខ្លួន ស្របពេលដែលរាជរដ្ឋាភិបាលបានដាក់ចេញយន្តការគន្លឹះជួយសម្រួលដល់វិស័យឯកជន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកានេះ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្ពានខ្សែកាបតភ្ជាប់រវាងតំបន់អភិវឌ្ឍន៍កោះពេជ្រ និងតំបន់អភិវឌ្ឍន៍កោះនរា បានបង្ហាញនូវជំនឿថា ប្រតិបត្តិករក្នុងវិស័យធនាគារ និងវិស័យអចលនទ្រព្យក៏ដូចជា វិស័យផ្សេងៗ សូមជួយសម្រាលទៅដល់បងប្អូនប្រជាពលរដ្ឋ អតិថិជនរបស់ខ្លួន។

សម្តេចធិបតីថ្លែងថា៖ «កាលពីថ្ងៃទី ១៣ ខែវិច្ជិកា ខ្ញ៉ំបានជួបជាមួយវិស័យឯកជនហើយ និងបានប្រកាសពីគោលនយោបាយជួយលើគ្រប់វិស័យ»។ សម្តេចធិបតីបានសង្កត់ធ្ងន់ថា «យើងមិនចង់ឃើញខាងណាដួលរលំទេ បើតឹងពេកក៏ដាច់ ធូរពេកក៏មិនល្អដែរ»។

ជាមួយគ្នានេះដែរចំពោះបញ្ហាទំនាស់រឿងបញ្ហាដីធ្លីដែលកើតឡើង សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឲ្យដោះស្រាយលើយន្តការពីរ ទីមួយ ក្រសួងដែនដីសូមពន្លឿនការចែកប័ណ្ណកម្មសិទ្ធិដីធ្លីនៅទូទាំងប្រទេស ទីពីរ យន្តការដោះស្រាយក្រៅប្រព័ន្ធតុលាការ ដែលមានអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការរួចហើយ។

សូមជម្រាបជូនថា វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ បានធ្វើឡើងកាលថ្ងៃចន្ទ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ជាមួយដាក់ចេញវិធានការគន្លឹះមួយចំនួនដើម្បីជួយដល់វិស័យឯកជន។

ក្នុងនោះនៅវិមានសន្តិភាព សម្ដេចធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវវិធានការកែទម្រង់គន្លឹះមុតស្រួចមួយចំនួនថែមទៀត ដើម្បី ជួយដល់វិស័យឯកជន ក្នុងការលើកកម្ពស់ភាពប្រកួតប្រជែង និងជំរុញកំណើនសេដ្ឋកិច្ច។ បន្ថែមលើនេះ សម្តេចធិបតីក៏បានប្រកាសដាក់ចេញកិច្ច អន្តរាគមន៍ ជាច្រើន ដើម្បីលើកកម្ពស់ការធ្វើធុរកិច្ចនៅកម្ពុជា ឆ្លើយតបនឹងវិបត្តិទាំងឡាយ ក៏ដូចជា រក្សាបានភាពធន់នៃសេដ្ឋកិច្ចរបស់កម្ពុជាផងដែរ៕