ប្រតិភូកម្ពុជា មានផែនការបំពេញទស្សនកិច្ចធុរកិច្ចនិងវិនិយោគនៅអាល្លឺម៉ង់ នៅដើមឆ្នាំ២០២៧ ខាងមុខ

សង្គម​ និង​សេដ្ឋកិច្ច

ប្រតិភូកម្ពុជា មានផែនការបំពេញទស្សនកិច្ចធុរកិច្ចនិងវិនិយោគនៅអាល្លឺម៉ង់ នៅដើមឆ្នាំ២០២៧ ខាងមុខនេះ សំដៅផ្សព្វផ្សាយពីកាលានុវត្តភាពវិនិយោគ និងបរិយាកាសធុរកិច្ចដ៏មានអំណោយផលនៅកម្ពុជា។នេះបើយោងតាមជំនួបពិភាក្សារវាងលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) ជាមួយ លោកស្រី Silke Röfer ឯកអគ្គរដ្ឋទូតសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជា កាលទី២៧ ខែតុលា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឱកាសនោះ លោកស្រីឯកអគ្គរដ្ឋទូត បានសម្តែងនូវអំណរគុណចំពោះ CDC ដែលបានចំណាយពេលវេលាដ៏មានតម្លៃទទួលជួបពិភាក្សា និងបានសម្តែងនូវក្តីរីករាយក្នុងការបំពេញបេសកកម្មការទូតនៅកម្ពុជា និងបានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយកម្ពុជា ដើម្បីបន្តជម្រុញទំនាក់ទំនងរវាងប្រទេសទាំងពីរ ឱ្យកាន់តែមានសន្ទុះបន្ថែមទៀត។

ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានយកឱកាសនេះសម្តែងនូវអំណរគុណចំពោះរដ្ឋាភិបាលអាល្លឺម៉ង់ ដែលតែងតែផ្តល់ការគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។ លោក ក៏បានជម្រាបពីផែនការបំពេញទស្សនកិច្ចធុរកិច្ចនិងវិនិយោគរបស់ CDCទៅកាន់សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ នៅដើមឆ្នាំ២០២៧ ខាងមុខ។លោកថា ដំណើរទស្សនកិច្ចនោះ  ក្នុងនោះ CDC. ក៏មានផែនការរៀបចំកិច្ចពិភាក្សាជាមួយភាគីអាល្លឺម៉ង់នៅមុនពេលដំណើរបេសកកម្មនេះផងដែរ ដើម្បីរៀបចំឱ្យមានវេទិការវិនិយោគ និងជំនួបផ្គូផ្គង់ធុរកិច្ចផ្សេងៗ ដើម្បីជួបផ្ទាល់ជាមួយតំណាងវិស័យឯកជន ក្រុមហ៊ុន និងវិនិយោគិនអាល្លឺម៉ង់ សំដៅផ្សព្វផ្សាយពីកាលានុវត្តភាពវិនិយោគ និងបរិយាកាសធុរកិច្ចដ៏មានអំណោយផលនៅកម្ពុជា។

នៅក្នុងជំនួបនោះ ភាគីទាំងពីរ ក៏បានសង្កត់ធ្ងន់លើការបង្កើនកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ ក្នុងការទាក់ទាញវិនិយោគិនអាល្លឺម៉ង់មកកាន់កម្ពុជាបន្ថែមទៀត។ ភាគីទាំងពីរបានប្តេជ្ញា លើកកម្ពស់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសការជំរុញការវិនិយោគ ធុរកិច្ច និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ឆ្ពោះទៅរកការរីកចម្រើនប្រកបដោយចីរភាព និងបរិយាបន្នសម្រាប់ប្រទេសទាំងពីរ៕ អត្ថបទ៖ហ្សាលីន