នៅក្នុងឱកាសទទួលជួបសំណេះសំណាល និងផ្តល់អនុសាសន៍ណែនាំលើកទឹកចិត្តដល់ប្រតិភូយុវជនកម្ពុជាចំនួន ដែលត្រូវបានចាត់តាំងឱ្យចូលរួមក្នុងកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន (SSEAYP) លើកទី៥០ កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានជំរុញលើកទឹកចិត្តដល់ប្រតិភូយុវជនផ្សព្វផ្សាយពីបរិយាកាសវិនិយោគកម្ពុជា ដល់មជ្ឈដ្ឋានអន្តរជាតិ។

គណៈប្រតិភូយុវជនកម្ពុជាចំនួន ២១រូប ដែលត្រូវបានចាត់តាំងឱ្យចូលរួមក្នុងកម្មវិធី នាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន (SSEAYP) លើកទី៥០ នឹងចូលរួមកម្មវិធីជាផ្លូវការ នាដើមឆ្នាំ២០២៧ខាងមុខ។
SSEAYP គឺជាកម្មវិធីផ្លាស់ប្តូរបទពិសោធយុវជនអន្តរជាតិដ៏ធំបំផុតមួយក្នុងតំបន់អាស៊ី ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៧៤ ដែលមានយុវជនចូលរួមមកពីបណ្តាប្រទេសជាសមាជិកអាស៊ាន និងជប៉ុន។ សម្រាប់កម្មវិធី SSEAYP លើកទី៥០នេះ នឹងប្រព្រឹត្តទៅរយៈពេល៣៣ថ្ងៃ គឺចាប់ពីថ្ងៃទី៣ ខែមករា ដល់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៧ ដោយនាវានឹងចេញដំណើរពីប្រទេសជប៉ុន ហើយចូលចតក្នុងប្រទេសចំនួន៣ រួមមាន ប្រទេសកម្ពុជា ម៉ាឡេស៊ី និងហ្វីលីពីន។

នាឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានក្រើនរំលឹកដល់ប្រតិភូយុវជនទាំងអស់ ឱ្យទាញយកអត្ថប្រយោជន៍ជាអតិបរមាពីការធ្វើដំណើរលើនាវារយៈពេល៣៣ថ្ងៃ ពិសេសគឺការផ្លាស់ប្តូរបទពិសោធ ការបង្កើតនូវបណ្តាញទំនាក់ទំនង ក៏ដូចជាការចងសម្ព័ន្ធមិត្តភាព ជាមួយបណ្តាប្រតិភូយុវជនមកពីប្រទេសផ្សេងៗក្នុងតំពន់អាស៊ាន និងជប៉ុន។
ទន្ទឹមនឹងនេះ លោកក៏បានជំរុញលើកទឹកចិត្តដល់ប្រតិភូយុវជនកម្ពុជាទាំងអស់ ឱ្យបំពេញបេសកកម្មជាទូតសុឆន្ទៈតំណាងព្រះរាជាណាចក្រកម្ពុជា ក្នុងការផ្សព្វផ្សាយនូវអត្តសញ្ញាណ វប្បធម៌ និងប្រពៃណីដ៏ថ្លៃថ្លារបស់ជាតិ ព្រមទាំងរំលេចពីគោលជំហរនៃការរក្សាសន្តិភាពក្នុងតំបន់ ស្ថិរភាពនយោបាយ សក្តានុពលសេដ្ឋកិច្ច និងបរិយាកាសវិនិយោគដ៏ប្រពៃរបស់កម្ពុជា ទៅកាន់មជ្ឈដ្ឋានអន្តរជាតិផងដែរ។
សូមជម្រាប់ដែរថា តាមរយៈជំនួបនោះ គឺបានបិទបញ្ចប់ប្រកបដោយបរិយាកាសស្និទ្ធស្នាល ដែលនេះជាសក្ខីភាពបង្ហាញយ៉ាងច្បាស់អំពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្សតាមគ្រប់រូបបែប ដែលនេះជាយុទ្ធសាស្ត្រអាទិភាពដើម្បីឆ្លើយតបទៅនឹងតម្រូវការក្នុងយុគសម័យឌីជីថលសកល៕ អត្ថបទ៖ហ្សាលីន


