បន្ទះឈីប AI កម្រិតខ្ពស់តម្លៃជាង ១២លានដុល្លារ ត្រូវបានរឹបអូសនៅអាកាសយានដ្ឋានម៉ាឡេស៊ី

អន្តរជាតិ

អាជ្ញាធរគយម៉ាឡេស៊ីបានឱ្យដឹងនៅថ្ងៃទី២៨ ខែតុលាថា ខ្លួនបានរឹបអូសបន្ទះឈីបបញ្ញាសិប្បនិម្មិត (AI) កម្រិតខ្ពស់ដែលមានតម្លៃប្រហែល ៤៩,៥លានរីងហ្គីត (ឬ ១២,១១លានដុល្លារអាមេរិក) នៅក្នុងខែនេះ។ ការរឹបអូសនេះធ្វើឡើងក្នុងពេលដែលអាជ្ញាធរកំពុងតាមដានយ៉ាងជិតស្និទ្ធលើបណ្តាញមួយ ដែលសង្ស័យថាបានលួចនាំចូល និងនាំចេញបន្ទះឈីបកម្រិតខ្ពស់ តាមរយៈអាកាសយានដ្ឋានដ៏សំខាន់របស់ប្រទេស។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កាលពីឆ្នាំមុន ម៉ាឡេស៊ីបានដាក់ចេញនូវវិធានការត្រួតពិនិត្យការនាំចេញលើបន្ទះឈីប AI កម្រិតខ្ពស់ដែលមានប្រភពមកពីសហរដ្ឋអាមេរិក បន្ទាប់ពីមានសម្ពាធពីសហរដ្ឋអាមេរិក ក្នុងគោលបំណងទប់ស្កាត់ការហូរចូលនៃបន្ទះឈីបទាំងនេះទៅកាន់ប្រទេសចិន។

យ៉ាងណាមិញ លោកស្រី Aspalila Ag Tuah នាយិកាគយប្រចាំអាកាសយានដ្ឋាន បានប្រាប់អ្នកសារព័ត៌មានថា នៅថ្ងៃទី១៥ ខែតុលា អាជ្ញាធរបានរកឃើញម៉ាស៊ីនមេ (server) ចំនួន ៣០ គ្រឿង ដែលមានផ្ទុកបន្ទះឈីប AI កម្រិតខ្ពស់ ក្នុងអំឡុងពេលត្រួតពិនិត្យនៅតំបន់ពាណិជ្ជកម្មសេរីនៃអាកាសយានដ្ឋានអន្តរជាតិគូឡាឡាំពួ។

លោកស្រី Aspalila បានបញ្ជាក់ទៀតថា ការស៊ើបអង្កេតបឋមបានរកឃើញថា ទំនិញទាំងនេះមានប្រភពមកពីប្រទេសមួយក្នុងទ្វីបអាស៊ី ហើយគ្រោងនឹងនាំចេញបន្តទៅកាន់ប្រទេសមួយផ្សេងទៀតនៅក្នុងទ្វីបដដែល ដែលសកម្មភាពនេះតម្រូវឱ្យមានលិខិតអនុញ្ញាតពាណិជ្ជកម្ម។

ជម្រាបជូនផងដែរថា នៅម៉ាឡេស៊ី មានករណីយ៉ាងហោចណាស់ ៥ ករណីហើយដែលពាក់ព័ន្ធនឹងបណ្តាញជួញដូរនេះ ដោយមានការរឹបអូសបន្ទះឈីបដែលមានតម្លៃសរុបជាង ១០០លានរីងហ្គីត។ តែទោះជាយ៉ាងណាក៏ដោយ លោកស្រី Aspalila បានបដិសេធមិនផ្តល់ព័ត៌មានលម្អិតបន្ថែម ដោយលើកហេតុផលថាការស៊ើបអង្កេតកំពុងតែបន្តនៅឡើយ៕​