ភាគហ៊ុនរបស់ក្រុមហ៊ុន Reliance Jio Platforms ដែលជាកម្មសិទ្ធិរបស់មហាសេដ្ឋីកំពូល Mukesh Ambani បានកើនឡើង ២១% បន្ទាប់ពីបានចូលទៅក្នុងទីផ្សារភាគហ៊ុននៅទីក្រុង Mumbai ជាលើកដំបូងនៅថ្ងៃទី២៨ ខែតុលានេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

យ៉ាងណាមិញ ជុំវិញព្រឹត្តិការណ៍នេះបានធ្វើឱ្យក្រុមហ៊ុន Jio ក្លាយជាក្រុមហ៊ុនធំជាងគេទីពីរនៅក្នុងប្រទេសឥណ្ឌា បើគិតតាមទំហំមូលធនទីផ្សារ (market capitalisation) ដែលមានតម្លៃប្រហែល ១៣១,៥ពាន់លានដុល្លារអាមេរិក។
គួរឲ្យដឹងថាក្រុមហ៊ុន Jio ដែលមានអាជីវកម្មទូរគមនាគមន៍បម្រើអតិថិជនជាង ៥៣០ លាននាក់ ទទួលបានការគាំទ្រពីក្រុមហ៊ុន Meta Platforms និងក្រុមហ៊ុន Google របស់ Alphabet ផងដែរ។ ចំនួនអ្នកប្រើប្រាស់របស់ក្រុមហ៊ុននេះ គឺស្ថិតនៅលំដាប់ទីពីរ បន្ទាប់ពីក្រុមហ៊ុន China Mobile ប៉ុណ្ណោះ បើគិតលើចំនួនអ្នកប្រើប្រាស់នៅក្នុងប្រទេសតែមួយ។
ជុំវិញការដាក់លក់ភាគហ៊ុនរបស់ Jio ត្រូវបានចាត់ទុកថាជាផ្នែកមួយនៃផែនការរបស់លោក Ambani ក្នុងការផ្លាស់ប្តូរក្រុមហ៊ុនមេ Reliance ពីក្រុមហ៊ុនដែលផ្តោតតែលើវិស័យប្រេង និងគីមី ទៅជាក្រុមហ៊ុនចម្រុះវិស័យ ដែលគ្របដណ្តប់ទាំងផលិតផលប្រើប្រាស់ និងបច្ចេកវិទ្យា។
គួរជម្រាបជូនផងដែរថា ក្រុមហ៊ុន Jio តាមពីក្រោយតែក្រុមហ៊ុនមេ Reliance Industries ប៉ុណ្ណោះ ក្នុងនាមជាក្រុមហ៊ុនដែលមានតម្លៃមូលធនទីផ្សារធំបំផុតនៅក្នុងប្រទេសឥណ្ឌា ដោយ Reliance មានតម្លៃទីផ្សារប្រមាណជាង ១៦៩ពាន់លានដុល្លារ៕

