ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា ជម្លោះជាមួយអ៊ីរ៉ង់អាចនឹងបញ្ចប់ឆាប់ៗនេះ ប្រហែលជាក្នុងរយៈពេលពីរ ឬបីសប្តាហ៍ខាងមុខ ខណៈដែលទីក្រុងតេអេរ៉ង់បានប្រកាសពីឆន្ទៈរបស់ខ្លួនក្នុងការបញ្ឈប់ការបាញ់ប្រហារ ប្រសិនបើពួកគេមិនទទួលរងការវាយប្រហារដូចគ្នានោះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

នៅក្នុងព្រឹត្តិការណ៍មួយនៅឯសេតវិមាន កាលពីថ្ងៃទី៣១ ខែមីនា នៅពេលសួរអំពីផលប៉ះពាល់នៃតម្លៃប្រេងឥន្ធនៈដែលបានកើនឡើងខ្ពស់ បន្ទាប់ពីការផ្ទុះឡើងនៃជម្លោះនៅមជ្ឈិមបូព៌ា លោក ត្រាំ បានឆ្លើយតបថា ៖”អ្វីដែលខ្ញុំត្រូវធ្វើ គឺចាកចេញពីអ៊ីរ៉ង់”។
លោក ត្រាំ បាននិយាយទៀតថា ៖”សហរដ្ឋអាមេរិកនឹងបញ្ចប់ការវាយប្រហារឆាប់ៗនេះ។ យើងកំពុងបញ្ចប់ការងារ ខ្ញុំគិតថាក្នុងរយៈពេលពីរ ទៅបីសប្តាហ៍ខាងមុខ”។ លោកក៏សង្កត់ធ្ងន់ទៀតផងដែរថា តម្លៃប្រេងនឹងធ្លាក់ចុះវិញ។
មិនតែប៉ុណ្ណោះ ប្រធានាធិបតីអាមេរិករូបនេះ ក៏បានណែនាំផងដែរថា ជម្លោះនៅមជ្ឈិមបូព៌ាអាចបញ្ចប់ទៅ ទោះបីជាសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ មិនបានឈានដល់កិច្ចព្រមព្រៀងជាមួយគ្នាក៏ដោយ។
ជម្រាបជូនថា នេះគឺជាសេចក្តីថ្លែងការណ៍ច្បាស់លាស់បំផុតមួយពីលោក ត្រាំ ទាក់ទងនឹងចេតនារបស់លោកក្នុងការបញ្ចប់យុទ្ធនាការនៅមជ្ឈិមបូព៌ា ដែលមានរយៈពេលជាងមួយខែកន្លងមកនេះ។ ជម្លោះជាមួយអ៊ីរ៉ង់ បានផ្លាស់ប្តូរសណ្តាប់ធ្នាប់ក្នុងតំបន់ រំខានដល់លំហូរថាមពលសកល រួមទាំងធ្វើឲ្យតំណែងរបស់ប្រធានាធិបតីលោក ត្រាំ មានភាពរង្គោះរង្គើខ្លាំងផងដែរ៕

