ជប៉ុន បង្ហាញការចាប់អារម្មណ៍បង្កើតរោងចក្រកែច្នៃផលិតផលកសិកម្ម ក្នុងខេត្តបាត់ដំបង

សង្គម​និង​សេដ្ឋកិច្ច

ក្រុមហ៊ុនរបស់ជប៉ុន ​Shop Shindou Shigeharu Limited Company កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ ជួបជាមួយអភិបាលខេត្តបាត់ដំបង លោក សុខ លូ ​ដើម្បី​ពិភាក្សា​ការងារ​អំពី​គម្រោង​ដែល​ក្រុមហ៊ុន​នេះ​ មាន​គម្រោង​បោះទុន​វិនិយោគ ​លើ​ការកែច្នៃ​ផលិតផល​កសិកម្ម ​នៅ​ក្នុង​ខេត្តបាត់ដំបង​នា​ពេល​ខាងមុខ​។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុន ​Shindo Shigeharu Shop Co. Ltd.​ គឺជា​ក្រុមហ៊ុន​ផលិត​អាហារ​ដ៏ល្អ​បំផុត​នៅ​ខេត្ត​អិហិមិ ​នៃ​ប្រទេស​ជប៉ុន ​ខាង​ផ្លែឈើ​ស្ងួត ​ដូចជា ​ក្រូចឆ្មារ ​និង​ក្រូច​ពោធិ៍សាត់​ដ៏​ល្បីល្បាញ​របស់​ខេត្តអិហិមិ​ប្រទេស​ជប៉ុន។​ 

លើកឡើងក្នុងជំនួបនោះ លោក​ សុខ លូ ​បានប្រកាសស្វាគមន៍ ​ចំពោះ​ក្រុមហ៊ុន​ជប៉ុន​ដែលមាន​បំណង​ក្នុង​ការវិនិយោគ​នៅ​ខេត្តបាត់ដំបង ​ពាក់ព័ន្ធ​នឹង​គម្រោង​កែច្នៃ​ផ្លែឈើ​នេះ ​ស្របពេល​ដែល​ខេត្តបាត់ដំបង​ជារៀងរាល់​ឆ្នាំ ​ផលិតផល​កសិកម្ម​មួយចំនួន ​ដូចជា​ ផ្លែស្វាយ​ ផ្លែមៀន​ប៉ៃលិន​ ឬ​ម្នាស់​ជាដើម ​មាន​ចំនួន​ច្រើន ​ដែល​សេសសល់ ​និង​មាន​តម្លៃ​ថោក ​ដោយសារ​គ្មាន​រោងចក្រ​ក្នុង​ការកែច្នៃ​ផលិតផល​ទាំង​នោះ។

លោកថា ខេត្តបាត់ដំបងជាខេត្តដែលមានសក្ដានុពលខ្លាំង ប៉ុន្តែអ្វីដែលកែច្នៃចេញពីសក្ដានុពលទាំងនោះ គឺនៅមានលក្ខណៈតិចតួចប៉ុណ្ណោះ ដោយសារមិនទាន់មានរោងចក្រកែច្នៃគ្រប់គ្រាន់។

សូមជម្រាបថា ខេត្តបាត់ដំបង ពេលកន្លងមកមានក្រុមហ៊ុនបរទេសមកពីប្រទេសមហាអំណាចជាច្រើន ដូចជា ចិន អាមេរិក អូស្ត្រាលី ជប៉ុន បារាំង បាននឹងកំពុងចែចូវចាប់អារម្មណ៍ធ្វើការវិនិយោគរោងចក្រកែច្នៃផ្លែឈើ ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុកនិងធ្វើនាំចេញ ខណៈដែលក្រុមហ៊ុន មិសុតា ហ៊្វូដ អ៊ីផត អ៊ិចផត ឯ.ក ជាក្រុមហ៊ុនកែច្នៃនិងសម្ងួត ផ្លែឈើជាច្រើនមុខដ៏ធំដំបូងគេនៅក្នុងខេត្តបាត់ដំបង លើផ្ទៃដីប្រមាណជាង០១ហិកតា។

ជាមួយគ្នានេះ ពេលកន្លងទៅ អភិបាលខេត្តបាត់ដំបង ក៏បានស្នើឱ្យជប៉ុនជួយស្វែងរកវិនិយោគិនជប៉ុន មកវិនិយោគបន្ថែមនៅក្នុងខេត្តបាត់ដំបងដើម្បីកែប្រែខេត្តមួយនេះ ជាតំបន់សេដ្ឋកិច្ចពិសេស ដើម្បីទាក់ទាញវិនិយោគិនក្នុងស្រុក និងក្រៅស្រុក មកវិនិយោគកាន់តែច្រើនឡើង ជាពិសេស ទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនផងដែរ។

លោក សុខ លូ លើកឡើងថា «ខេត្តបាត់ដំបងមានផ្ទៃដីធំទូលាយ ដែលបង្កលក្ខណៈងាយស្រួលក្នុងការបង្កើតតំបន់សេដ្ឋកិច្ចពិសេស ដែលអាចបង្កើតជារោងចក្រផ្សេងៗ ពិសេសរោងចក្រកែច្នៃផលិតផលកសិកម្ម ព្រោះជាខេត្តកសិកម្ម ហើយផលិតផលកសិកម្មជាច្រើនមិនទាន់មានរោងចក្រកែច្នៃ វេចខ្ចប់បានល្អច្រើននោះទេ»។ ការស្នើសុំនេះធ្វើឡើងក្នុងប្រជុំគណៈកម្មាធិការចម្រុះលើកទី៣ (JCC) សម្រាប់គម្រោងការសិក្សាផែនការមេ សម្រាប់ការអភិវឌ្ឍទីក្រុងឆ្លាតក្នុងខេត្តបាត់ដំបង ជាមួយនឹងក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ និងទេសចរណ៍នៃប្រទេសជប៉ុនតាមប្រព័ន្ធZOOM កាលពីដើមឆ្នាំ២០២២៕