នាពេលឆាប់ៗខាងមុខនេះ ក្រសួងពាណិជ្ជកម្មកម្ពុជា នឹងរៀបចំបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា នៅទីក្រុងគុនមិញ ខេត្តយូណាន ប្រទេសចិន ខណៈបច្ចុប្បន្នក្រុមការងារក្រសួងពាជ្ជកម្ម បានចុះពិនិត្យទីតាំងជាក់ស្តែងរួចរាល់ហើយ។

លោក គិត ភារ៉ា អគ្គនាយករងនៃអគ្គជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារក្រសួងពាណិជ្ជកម្ម ចុះត្រួតពិនិត្យទីតាំងជាក់ស្តែងដើម្បីរៀបចំបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា នៅទីក្រុងគុនមិញ ខេត្តយូណាន ដែលជាទីតាំងថ្មីមួយបន្ថែមទៀតនៅក្នុងសាធារណរដ្ឋប្រជាមានិតចិន។
បន្ទាប់ពីនេះ ពោលគឺនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក ក៏បានបន្តដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យទីតាំងមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា ក្នុងទីក្រុងយានថាយ ខេត្តសានតុង សាធារណរដ្ឋប្រជាមានិតចិន ក្នុងគោលបំណងដើម្បីតាមដានវឌ្ឍនភាពការងារ និងពិនិត្យស្ថានភាពទីតាំងថ្មីរបស់មជ្ឈមណ្ឌលពាណិជ្ជកម្មខាងលើ សំដៅបន្តប្រតិបត្តិការសម្រាប់រយៈពេល ៣ឆ្នាំ បន្ថែមទៀត ផងដែរ។
សូមបញ្ជាក់ថា ការបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មនេះ ក្នុងគោលបំណងជំរុញការធ្វើពាណិជ្ជកម្ម និងផ្សព្វផ្សាយផលិតផល វប្បធម៌ ទេសចរណ៍ គោលនយោបាយពាណិជ្ជកម្ម និងវិនិយោគរបស់ព្រះរាជាណាចក្រកម្ពុជា៕ អត្ថបទ៖ហ្សាលីន





