សម្តេចតេជោ ហ៊ុន សែន៖ ទំហំពាណិជ្ជកម្មកម្ពុជា-ចិន នៅ​ឆ្នាំ​នេះមាន​​កំណើនជិត​២០​ភាគរយ

សង្គម​និង​សេដ្ឋកិច្ច

ថ្លែងក្នុងពិធីបើកការដ្ឋានស្តារ និងលើកកម្រិតគុណភាពភាព ផ្លូវជាតិលេខ៣១ និងផ្លូវជាតិលេខ៣៣ ស្ថិតក្នុងភូមិ សាស្ត្រ​ខេត្ត​កំពត និងខេត្តកែប នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២។ ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា នៅឆ្នាំ​២០២២នេះ ទំហំពាណិជ្ជកម្មកម្ពុជា-ចិន បានហក់ឡើងដល់ ១៤ពាន់៥០០លានដុល្លារអាម៉េរិក ដែលមាន​​កំណើនដ​ល់​ជិត​២០ភាគរយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បើគិតមកដល់ពេលនេះ មិត្តចិនជួយ កម្ពុជា ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ដូចជា ផ្លូវ ស្ពាន ជាដើម ដោយចំណាយថវិកាជិត២ពាន់លានដុល្លារផងដែរ។

ជាងនេះទៀត សម្តេចថា បើក្រឡេកមើលទៅលើទំហំពាណិជ្ជកម្មកម្ពុជា-ចិន នៅឆ្នាំ២០២២នេះ មានរហូតដល់១៤ពាន់ ៥០០លានដុល្លារអាម៉េរិក កើនឡើងជាង១៩ ភាគរយ ហើយសម្តេចសង្ឃឹមថា ទំហំពាណិជ្ជកម្មនេះនឹងកើនឡើងថែមទៀត តាមរយៈនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា មូលហេតុដែលធ្វើឱ្យទំហំ ពាណិជ្ជកម្មកើនឡើងដោយសារ ប្រទេសទាំងពីរ មានកិច្ច ព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជានិងចិន ដែលធ្វើឱ្យកម្ពុជាអាចនាំ ចេញទំនិញទៅចិនបានកាន់តែច្រើន ។

សម្ដេចតេជោបានថ្លែងបញ្ជាក់ថា«ឆ្នាំនេះទំហំពាណិជ្ជកម្មកម្ពុជា-ចិន ខ្ញុំសង្ឃឹមថា នឹងមានសមត្ថភាពនាំ ទំនិញទៅកាន់​​ទីផ្សារ ប្រទេសចិនកាន់តែច្រើនតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលចិនផ្តល់អាទិភាពខ្ពស់អនុគ្រោះ​ពន្ធរ​ហូត​​ដល់៩៧, ៤៣ភាគរយ »។

ឆ្លៀតឱកាសនោះ សម្តេចតេជោ ក៏បានថ្លែងអំណរគុណចំពោះមិត្តចិន ដែលបានចូលរួមអភិវឌ្ឍន៍ប្រទេសកម្ពុជា ក្នុងពេល​​កន្លងទៅនេះ ហើយជោគវាសនារួម ក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-ចិន នាពេល​​កន្លងមក ក៏បាន​បង្កើតឱ្យមានជំនឿទុកចិត្តគ្នាទៅវិញទៅមកថែមទៀត។

សូមបញ្ជាក់ថា កាលពីឆ្នាំ ២០២១ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងចិនបានឡើងដល់ជាង១១ពាន់លានដុល្លារ ហើយនៅឆ្នាំ​២០២២នេះ ភាគីទាំងពីរបានប្តេជ្ញាបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឱ្យបានកើនដល់ ១៥ ពាន់លានដុល្លារ៕