ត្រឹម៧ខែ ឆ្នាំនេះ៖ កម្ពុជា ទទួលចំណូលពីការនាំចេញស្រូវ និងអង្ករជាង៧០០លានដុល្លារអាមេរិក

សង្គម​និង​សេដ្ឋកិច្ច

សហព័ន្ធស្រូវអង្ករកម្ពុជា បានឲ្យដឹងថា គិតត្រឹមរយៈពេល ៧ខែ នៃឆ្នាំ២០២២នេះ កម្ពុជា ទទួលបានចំណូលពីការនាំចេញស្រូវ និងអង្ករបានចំនួន 705.14 លានដុល្លារសហរដ្ឋអាមេរិក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមបញ្ចេញរបាយការណ៍សហព័ន្ធស្រូវអង្ករកម្ពុជា ដែលបានផ្សព្វផ្សាយ កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ បានឲ្យដឹងបន្តថា ការនាំចេញអង្ករក្នុងរយៈពេល ៧ខែ នៃឆ្នាំ២០២២ បានចំនួន  350,902 តោន គិតជាទឹកប្រាក់ចំនួន 218.17 លានដុល្លារសហរដ្ឋអាមេរិក ដែលក្នុងនោះកម្ពុជាបាននាំអង្ករចេញទៅកាន់ទីផ្សារអន្តរជាតិតាម រយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៥៣ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន 56 ប្រទេស។

ក្នុងនោះដែរ ការនាំចេញនេះ បានបរិមាណអង្ករសរុបចំនួន 350,902 តោន នឹងបាននាំចេញទៅកាន់ប្រទេសចិន ម៉ាកាវ និងហ៊ុងកុង បានចំនួន 169,766 តោន ស្មើនឹង 48.38% នៃការនាំចេញសរុបដែលគិតជាទឹកប្រាក់ចំនួន 89.09 លាន ដុល្លារសហរដ្ឋអាមេរិក។

ជាមួយគ្នានេះ ក៏បាននាំចេញទៅកាន់ប្រទេសនៅក្នុងតំបន់សហគមន៍អឺរ៉ុបចំនួន 25 ប្រទេស បានបរិមាណចំនួន 122,842 តោន  ស្មើនឹង ៣២% នៃការនាំចេញសរុប ដែលគិតជាទឹកប្រាក់ចំនួន 86,08 លាន ដុល្លារសហរដ្ឋអាមេរិក ទៅកាន់ប្រទេសអាស៊ានចំនួន 4 ប្រទេស បានចំនួន 29,957 តោន ស្មើនឹង 9% នៃការនាំចេញសរុប ដែលគិតជាទឹកប្រាក់ចំនួន 20.08 លានដុល្លារសហរដ្ឋអាមេរិក។

ទន្ទឹមគ្នានេះដែរ ការនាំចេញអង្ករនេះ ក៏បាននាំចេញទៅកាន់បណ្តាលគោលដៅផ្សេងៗ ទៀត ចំនួន 24 ប្រទេស បានចំនួន 28,337 តោន ស្មើនឹង ១០.៦២% គិតជាទឹកប្រាក់ 22.92 លានដុល្លារសហរដ្ឋអាមេរិក។

សហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ដែរថា ការនាំចេញសរុបមានកំណើន 13.24% បើប្រៀបធៀបទៅនឹងការនាំចេញក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១ផងដែរ។

បន្ថែមពីនេះទៀត នៅក្នុងរយៈពេល៧ខែ នេះដែរ អង្ករក្រអូបគ្រប់ប្រភេទបាននាំចេញចំនួន 63.64% អង្ករស ចំនួន 32.42% អង្ករចំហ៊ុយចំនួន 2.23% អង្ករសរីរាង្គចំនួន ១.៧% និងអង្ករដំណើបបានចំនួន ២៣តោន។

ក្នុងរយៈពេល ៧ខែ នេះដែរកម្ពុជាបាននាំចេញស្រូវទៅប្រទេសវៀតណាមបានចំនួន 1,950,986 តោន ដែលគិតជាទឹកប្រាក់ប្រមាណជា 487.24 លានដុល្លារសហរដ្ឋអាមេរិក។នេះបើតាមការបញ្ជាក់បន្ថែម​ពីសហព័ន្ធស្រូវអង្ករកម្ពុជា៕