ពលរដ្ឋរហូត៥ម៉ឺននាក់ បានជិះរថយន្តក្រុងរបស់រដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំដោយឥតគិតថ្លៃ

សង្គម​និង​សេដ្ឋកិច្ច

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានឱ្យដឹងថា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ កន្លងទៅនេះ មានពលរដ្ឋរហូត ៥ម៉ឺននាក់ បានជិះរថយន្តក្រុងសាធារណៈ របស់សាលារាជធានីភ្នំពេញ ដោយមិនគិតថ្លៃ ទៅស្រុកកំណើតរៀងខ្លួន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវអគារសម្ភព ស្ថិតនៅក្នុងបរិវេណនៃមន្ទីរពេទ្យកុមារជាតិ នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ក្រោយពិធី​បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ បានបញ្ចប់ មានប្រជាពលរដ្ឋជាច្រើនបានធ្វើដំណើរចាកចេញពីស្រុកកំណើតរៀងខ្លួន ដោយបានប្រើប្រាស់មធ្យោបាយរថយន្តក្រុងសាធារណៈរបស់រដ្ឋ ដោយឥតគិតថ្លៃ ដើម្បីកាត់បន្ថយចំណាយ និងត្រឡប់មកបំពេញការងាររបស់ខ្លួនឡើងវិញ។

ខណៈសម្តេចតេជោ ក៏បានបង្ហាញក្តីរីករាយពេលឃើញប្រជាពលរដ្ឋ ប្រើប្រាស់សេវារថយន្តក្រុងរបស់សាលារាជធានីភ្នំពេញ ដែលអាចកាត់បន្ថយការចំណាយ និងបានជួយឲ្យរថយន្តឈ្នួល ឬតាក់ស៉ី មិនដំឡើងថ្លៃដូចពេលមុនៗផងដែរ។

សូមរម្លឹកដែរថា រដ្ឋបាលរាជធានីភ្នំពេញ កាលថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ ធ្លាប់បានឱ្យដឹងថា ដើម្បីជួយសម្រួលដល់ការចំណាយជូនបងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅលេង ស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដោយរដ្ឋបាលរាជធានីភ្នំពេញ​បានរៀបចំរថយន្តក្រុងចំនួន ៣៤៥គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈដោយមិនគិតប្រាក់ផងដែរ។

រដ្ឋបាលរាជធានីភ្នំពេញ ក៏​បានបញ្ជាក់ទៀតថា រយៈពេល ០៥ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ សម្រាប់សេវាដឹកជញ្ជូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ គឺប្រើប្រាស់រថយន្តក្រុងចំនួន ៧០គ្រឿង ខណៈសម្រាប់សេវាដឹកជញ្ជូនប្រជាពលរដ្ឋ ដែលត្រូវធ្វើដំណើរពីរាជធានីភ្នំពេញទៅតាមបណ្ដាខេត្ត និងពីបណ្ដា ខេត្តត្រលប់មករាជធានីភ្នំពេញវិញ គឺត្រូវបានប្រើប្រាស់រថយន្តក្រុងចំនួន ២៧៥គ្រឿង៕