កំពូលមហាសេដ្ឋីហ្វីលីពីន លោក Manuel Villar ថ្មីៗនេះ ត្រូវបានគេរាយការណ៍ថា បានខាតបង់ទ្រព្យសម្បត្តិអស់ជាង ១៦ពាន់លានដុល្លារ ត្រឹមមួយប៉ប្រិចភ្នែក បន្ទាប់ពីភាគហ៊ុនក្រុមហ៊ុនអចលនទ្រព្យខ្នាតយក្ស Villar Land របស់លោក ធ្លាក់ចុះអស់ ៧៦% ដែលបានធ្វើឲ្យលោកធ្លាក់ចេញពីតំណែងជាអ្នកមានដាច់គេរបស់ប្រទេស។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

ភាគហ៊ុនរបស់ក្រុមហ៊ុន Villar Land ដែលពីមុនត្រូវគេស្គាល់ថាជាក្រុមហ៊ុន Golden MV Holding បានបន្តជួញដូរឡើងវិញ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន បន្ទាប់ពីមានការផ្អាកអស់រយៈពេល ៦ខែ ដោយសារតែមិនបានដាក់របាយការណ៍ហិរញ្ញវត្ថុពាក់ព័ន្ធ។
បន្ទាប់មក តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនបានធ្លាក់ចុះសរុប ៧៦% ក្នុងវគ្គជួញដូរបីថ្ងៃចុងក្រោយ គិតត្រឹមថ្ងៃអង្គារ ដែលជាការធ្លាក់ចុះយ៉ាងខ្លាំងបំផុត ចាប់តាំងពីបានចេញលក់ជាសាធារណៈ។ ក្នងនោះលោក Villar កាន់កាប់ភាគហ៊ុនរបស់ក្រុមហ៊ុនចំនួន ៨៩%។
យ៉ាងណាមិញ ជុំវិញការធ្លាក់ចុះនេះបានដកហូតតំណែងរបស់លោក Villar ក្នុងនាមជាកំពូលអ្នកមានបំផុតរបស់ប្រទេសហ្វីលីពីន ផងដែរ។ ឥឡូវនេះ យោងតាម Bloomberg បានរាយការណ៍ថាទ្រព្យសម្បត្តិសរុបរបស់លោក Villar មានត្រឹម ៥,៦ពាន់លានដុល្លារ ពោលគឺធ្លាក់ចុះពីចំនួនជាង ២០ពាន់លានដុល្លារ កាលពីដើមខែនេះ។
ជម្រាបជូនផងដែរថា បច្ចុប្បន្ន លោក Villar នៅចំណាត់ថ្នាក់លេខពីរ តាមពីក្រោយហាសេដ្ឋី Enrique Razon ដែលមានទ្រព្យសម្បត្តិសរុប ១៣,២ពាន់លានដុល្លារ៕

