ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី២០ ខែវិច្ឆិកា បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិថ្មីមួយ ដើម្បីលុបចោលការដាក់ពន្ធបន្ថែម ៤០% លើផលិតផលអាហាររបស់ប្រេស៊ីល រួមទាំងសាច់គោ កាហ្វេ កាកាវ និងផ្លែឈើជាដើម។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

យោងតាមសេចក្តីប្រកាសមួយនៅលើគេហទំព័ររបស់សេតវិមាន បានបង្ហាញឲ្យដឹងទៀតថា ការលុបចោលនេះ ត្រូវបានចូលជាធរមានចាប់ពីថ្ងៃទី១៣ ខែវិច្ឆិកា ហើយចំពោះពន្ធដែលបានបង់បន្ទាប់ពីកាលបរិច្ឆេទនេះ អាចត្រូវបានសងប្រាក់ត្រលប់ទៅវិញ។
គួរឲ្យដឹងថា កាលពីដើមខែកក្កដា លោក ត្រាំ បានប្រកាសថា លោកនឹងដំឡើងពន្ធលើទំនិញប្រេស៊ីពី ១០% ទៅ ៥០% ដោយសារតែពាក់ព័ន្ធទៅនឹងការកាត់ក្តីអតីតនាយករដ្ឋមន្ត្រីប្រេស៊ីល លោក Jair Bolsonaro។ លោក Bolsonaro ត្រូវបានចោទប្រកាន់កាលពីដើមឆ្នាំនេះពីបទរៀបចំផែនការបំពុលអ្នកស្នងតំណែងរបស់លោក គឺប្រធានាធិបតីបច្ចុប្បន្ន លោក Luiz Inacio Lula da Silva និងធ្វើឃាតចៅក្រមតុលាការកំពូល លោក Alexandre de Moraes។
ជម្រាបជូនថា ប្រេស៊ីលគឺជាដៃគូពាណិជ្ជកម្មធំជាងគេទី១៥ របស់សហរដ្ឋអាមេរិក ដែលមានពាណិជ្ជកម្មទ្វេភាគីសរុប ៩២ពាន់លានដុល្លារកាលពីឆ្នាំមុន។ ប្រទេសប្រេស៊ីល ជាអ្នកផ្គត់ផ្គង់កាហ្វេមួយភាគបីនៃកាហ្វេដែលប្រើប្រាស់សរុបនៅសហរដ្ឋអាមេរិក ហើយក៏ជាអ្នកផ្គត់ផ្គង់សាច់គោដ៏សំខាន់មួយផងដែរ ជាពិសេសប្រភេទសាច់ដែលប្រើក្នុងប៊ឺហ្គឺ៕

