គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានឱ្យដឹងថា ដោយទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា ក្រុមអត្តពលិកចំនួន ២១ ប្រភេទកីឡារបស់កម្ពុជានឹងចូលរួមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍ កីឡាអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៥ នៅប្រទេសថៃ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី ៣ ដល់ថ្ងៃទី ២០ ខែ ធ្នូ ខណៈពិធីបើកជាផ្លូវការនឹងធ្វើឡើងនៅថ្ងៃទី ៩ ខែ ធ្នូ។


លោក វ៉ាត់ ចំរើន អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានបញ្ជាក់ថា ការចូលរួមរបស់កម្ពុជា ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៥ នឹងទទួលបានការគាំពារយ៉ាងពិសេសពីភាគីម្ចាស់ផ្ទះ ហើយប្រតិភូ កីឡាករ កីឡាការិនី នឹងស្នាក់នៅសណ្ឋាគារតែមួយជុំគ្នានៅក្រុងបាងកក។ លោកក៏បានរំឭកពីគោលការណ៍ចលនាអូឡាំពិក ដែលមិនមានការប្រកាន់ រើសអើងឡើយ។ ការប្រកួតកីឡាក៏មិនមែនជាវេទិការនយោបាយទេ តែជាការប្រកួតប្រជែងដោយបច្ចេកទេស ដែលបង្កើតឱ្យបាននូវសន្តិភាព សុខដុមនីយកម្ម។
សូមជម្រាបជូនថា ក្នុងការចូលរួមព្រឹត្តិការណ៍កីឡាប្រចាំឧបទ្វីបអាស៊ីអាគ្នេយ៍នេះ កម្ពុជានឹងបញ្ជូនប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី សរុបចំនួន ៣៣៣ រូប។ សម្រាប់ប្រភេទកីឡាទាំង ២១ ដែលកម្ពុជា ត្រូវប្រកួតប្រជែងមាន អត្តពលកម្ម ហែលទឹក ជិះសេះ គុនដាវ កាយសម្ព័ន្ធ យូដូ តេក្វាន់ដូ WT ទ្រីយ៉ាត្លុង បាល់ទះ បាល់ទាត់ ចំបាប់ បញ្ចស៊ីឡាត់ ឃីកបុកស៊ីង ប៉េតង់ សីដក់ ម៉ូតូទឹក ការ៉ាតេ ជឺជីតស៊ូ វូស៊ូ បាល់ទាត់លើតុ និងកីឡាអេឡិចត្រូនិក។
គួរដឹងដែរថា ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣ កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះ បានបញ្ចប់នៅចំណាត់ថ្នាក់លេខ៤ ដោយទទួលបានមេដាយមាស ៨១ គ្រឿង ប្រាក់ ៧៤ គ្រឿង និង សំរឹទ្ធ ១២៧ គ្រឿង សរុប ២៨២ គ្រឿង៕







