ការិយាល័យប្រសិទ្ធភាពរដ្ឋាភិបាល (DOGE) ដែលជាទីភ្នាក់ងារបង្កើតឡើង និងដឹកនាំដោយមហាសេដ្ឋីមានដាច់គេរបស់ពិភពលោក Elon Musk ត្រូវបានលុបចេញពីជួររដ្ឋាភិបាលអាមេរិកហើយ បើទោះបីជានៅសល់ពេល ៨ខែទៀតរហូតដល់ថ្ងៃបញ្ចប់អាណត្តិក៏ដោយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

យោងតាមការបញ្ជាក់របស់នាយកការិយាល័យគ្រប់គ្រងបុគ្គលិករដ្ឋាភិបាលអាមេរិក (OPM) លោក Scott Kupor កាលពីថ្ងៃទី២៣ ខែវិច្ឆិកា បាននិយាយអំពីស្ថានភាពបច្ចុប្បន្ននៃការិយាល័យ DOGE ដោយសង្កត់ធ្ងន់ថា ទីភ្នាក់ងារនេះ គឺលែងមាននៅក្នុងរដ្ឋាភិបាលទៀតហើយ។
មិនតែប៉ុណ្ណោះ លោក Kupor បានបន្ថែមថា DOGE លែងជាអង្គភាពកណ្តាល ទៀតហើយ ទោះបីជាទីភ្នាក់ងារនេះ នៅមិនទាន់បញ្ចប់អាណត្តិក៏ដោយ។ ទាំងនេះគឺជាការបញ្ជាក់ដំបូងពីរដ្ឋបាលប្រធានាធិបតី លោក ដូណាល់ ត្រាំ អំពីការបញ្ចប់របស់ DOGE ដែលជាទីភ្នាក់ងារមួយដែលត្រូវបានគេរំពឹងថានឹងពន្លឿនកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើឱ្យប្រព័ន្ធរដ្ឋបាល និងថវិកាសហព័ន្ធមានភាពប្រសើរឡើង។
ជម្រាបជូនថា DOGE ត្រូវបានបង្កើតឡើងនៅក្នុងខែមករា បន្ទាប់ពីលោក ត្រាំ ឡើងកាន់តំណែង។ ដំបូងឡើយ DOGE ត្រូវបានគ្រប់គ្រងដោយមហាសេដ្ឋី Elon Musk ដែលក្នុងនោះ លោកក៏កាន់តំណែងជាបុគ្គលិករដ្ឋាភិបាលពិសេស ផងដែរ។
បន្ទាប់មក លោក Musk បានចាកចេញពី DOGE ពីរបីថ្ងៃមុនពេលបញ្ចប់អាណត្តិ ១៣០ថ្ងៃរបស់ខ្លួន ក្នុងនាមជាបុគ្គលិករដ្ឋាភិបាលពិសេស ដោយសារតែជម្លោះជាមួយប្រធានាធិបតីអាមេរិក លើ “សេចក្តីព្រាងច្បាប់ដ៏ធំ និងស្រស់ស្អាត” (OBBBA)៕

