ក្រុមហ៊ុន EALYTEX GLOBAL INC បានបង្ហាញឆន្ទៈរបស់ខ្លួន ក្នុងការបណ្តាក់ទុនបន្ថែម នៅក្នុងឧស្សាហកម្មកម្ពុជា ដើម្បីជំរុញកំណើនសេដ្ឋកិច្ចកាន់តែប្រសើរ។ ការលើកឡើងបែបនេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សារវាងលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក Jason Ma ស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន EALYTEX GLOBAL INC តាមរយៈកិច្ចសម្របសម្រួលរបស់លោក Casey Barnett ប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជា កាលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥។


តាមរយៈជំនួបនេះលោក Jason Ma តំណាងក្រុមហ៊ុន បានលើកឡើងពីប្រតិបត្តិការវិនិយោគបច្ចុប្បន្នរបស់ក្រុមហ៊ុន និងបានបង្ហាញឆន្ទៈក្នុងការបណ្តាក់ទុនបន្ថែម នៅក្នុងឧស្សាហកម្មកែច្នៃកសិផលរបស់កម្ពុជាសម្រាប់ការនាំចេញ។
ជាការឆ្លើយតប លោកឧបនាយករដ្ឋមន្ត្រីបានសម្តែងនូវការស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះគម្រោងនេះ ដោយគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាគាំទ្រយ៉ាងពេញទំហឹង ចំពោះរាល់ការវិនិយោគដែលមានលក្ខណៈជាកសិ-ឧស្សាហកម្ម ដែលនឹងចូលរួមជួយបង្កើនតម្លៃបន្ថែមដល់ផលិតផលក្នុងស្រុក។
ទន្ទឹមគ្នានេះ លោកក៏បានផ្តល់អនុសាសន៍ឱ្យថ្នាក់ដឹកនាំពាក់ព័ន្ធនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បន្តសហការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុន ដើម្បីឱ្យគម្រោងនេះអាចដំណើរការទៅបានដោយរលូន និងឆាប់រហ័ស ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល និងដើម្បីចូលរួមចំណែកដោយផ្ទាល់ក្នុងការជំរុញការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា តាមរយៈការបង្កើតនូវខ្សែចង្វាក់ផលិតកម្មពេញលេញ ដែលចាប់ផ្តើមពីការប្រមូលផល រហូតដល់ការកែច្នៃសម្រេច (Finished Products)។
សូមរម្លឹកដែរថា ក្នុងរយៈពេល៩ខែនៃ ឆ្នាំ២០២៥នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC ) បានសម្រេចចុះបញ្ជីគម្រោងវិនិយោគចំនួន ៥៤៦គម្រោង ក្នុងទំហំទុនវិនិយោគសរុប ប្រមាណ ៧,៨ប៊ីលានដុល្លារអាម៉េរិក។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥៕ អត្ថបទ៖ហ្សាលីន


