ឯកអគ្គរដ្ឋទូតនូវែលសេឡង់ សង្ឃឹមថា ស្មារតីនៃភាពជាដៃគូរវាងកម្ពុជា-នូវែលសេឡង់ នឹងបន្ដរីកចម្រើន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការកាន់តែប្រសើរឡើង

សង្គម​ និង​សេដ្ឋកិច្ច

ឯកឧត្តម Jonathan Kings ឯកអគ្គរដ្ឋទូតនូវែលសេឡង់ប្រចាំកម្ពុជា បានបង្ហាញការសង្ឃឹមយ៉ាងមុតមំាថា ស្មារតីនៃភាពជាដៃគូនេះ (កម្ពុជា-នូវែលសេឡង់) នឹងបន្ដរីកចម្រើន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការកាន់តែប្រសើរឡើងសម្រាប់ផលប្រយោជន៍រួមនៃប្រទេសទាំងពីរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឯកអគ្គរដ្ឋទូតនូវែលសេឡង់ប្រចាំកម្ពុជា បង្ហាញក្ដីសង្ឃឹមបែបនេះ ធ្វើឡើងនៅក្នុងឱកាសជួបជម្រាបលាបញ្ចប់អាណត្តិបេសកកម្មការទូតនៅកម្ពុជា ជាមួយឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦។

បើតាមការបញ្ជាក់របស់ក្រសួងការបរទេស បានឱ្យដឹងថា  នៅក្នុងជំនួប ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានកោតសរសើរ ឯកឧត្តមឯកអគ្គរដ្ឋទូត ចំពោះកិច្ចខិតខំប្រឹងប្រែង និងការចូលរួមចំណែកដ៏មានតម្លៃ ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងនូវែលសេឡង់ ក្នុងអាណត្តិបេសកកម្មការទូតរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត។

ទន្ទឹមនឹងនោះ ឯកឧត្តមឯកអគ្គរដ្ឋទូត បានសម្តែងការអរគុណចំពោះកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរ និងបានកោតសរសើរអំពីការរីកចម្រើនគួរឱ្យកត់សម្គាល់របស់កម្ពុជា។ ឯកឧត្តមឯកអគ្គរដ្ឋទូតសង្ឃឹមយ៉ាងមុតមំាថា ស្មារតីនៃភាពជាដៃគូនេះ នឹងបន្ដរីកចម្រើន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការកាន់តែប្រសើរឡើងសម្រាប់ផលប្រយោជន៍រួមនៃប្រទេសទាំងពីរ។

នៅចុងបញ្ចប់នៃជំនួប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្ដែងការជឿជាក់លើការបន្តរីកចម្រើននៃទំនាក់ទំនងរវាងប្រទេសទាំងពីរ និងត្រៀមធ្វើការយ៉ាងជិតស្និទ្ធជាមួយឯកអគ្គរដ្ឋទូតថ្មីនៃប្រទេសនូវែលសេឡង់ប្រចាំកម្ពុជា៕