សម្តេចធិបតី៖ ការវាស់វែងនិងបោះបង្គោលព្រំដែនកម្ពុជា-ថៃ គឺឈរលើមូលដ្ឋានឯកសារគតិយុត្តដែលបន្សល់ទុកពីអាណាព្យាបាលបារាំង

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២៥ ខែវិច្ចិកា ឆ្នាំ២០២៥ ថា ការវាស់វែងនិងបោះបង្គោលព្រំដែនរវាងកម្ពុជា-ថៃ ពិសេសចន្លោះបង្គោលព្រំដែនលេខ៤២-៤៧នៅខេត្តបន្ទាយមានជ័យ និងលេខ៥២-៥៩នៅខេត្តបាត់ដំបង គឺឈរលើមូលដ្ឋាននៃឯកសារគតិយុត្តដែលបន្សល់ទុកពីអាណាព្យាបាលបារាំង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចបញ្ជាក់បែបនេះ គឺធ្វើឡើងបន្ទាប់ពីសង្កេតឃើញនៅតាមបណ្ដាញសង្គមមានការជជែកវែកញែក ក៏ដូចជាការបញ្ចេញមតិ ការចោទជាសំណួរ ពាក់ព័ន្ធទៅនឹងការវាស់វែងនិងការបោះបង្គោលព្រំដែនបណ្ដោះអាសន្ននៅចន្លោះបង្គោលព្រំដែនលេខ៤២-៤៧នៅខេត្តបន្ទាយមានជ័យ និងលេខ៥២-៥៩នៅខេត្តបាត់ដំបង ដែលធ្វើឱ្យប្រជាពលរដ្ឋមានការព្រួយបារម្ភ។

ដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងពីសំនួរដែលតែបានចោតសួរថា តើការវាស់វែងនិងបោះបង្គោលព្រំដែនបណ្តោះអាសន្ន ផ្អែកលើមូលដ្ឋានអ្វី ដើម្បីធានានូវភាពត្រឹមត្រូវ តម្លាភាព និងសុក្រិតភាព ក្នុងគោលដៅធានាអោយបាននូវអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា ស្របតាមសន្ធិសញ្ញា និងច្បាប់អន្តរជាតិ?

ហេតុនេះ សម្តេចធិបតី បានបញ្ជាក់ថា ការងារវាស់វែងនិងស្វែងរុករកទីតាំងពិតប្រាកដនៃបង្គោលព្រំដែនទាំងនេះ ដែលក្នុងនោះរួមទាំងបង្គោលព្រំដែនចន្លោះលេខ៤២-៤៧ និង បង្គោលព្រំដែនចន្លោះលេខ៥២-៥៩ ផងដែរ គឺធ្វើឡើងយ៉ាងហ្មត់ចត់និងទទួលខុសត្រូវខ្ពស់បំផុត ដោយឈរលើមូលដ្ឋាននៃឯកសារគតិយុត្តដែលបន្សល់ទុកពីអាណាព្យាបាលបារាំង ជាពិសេសកំណត់ហេតុ (Procès Verbaux) បោះបង្គោលរបស់គណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិន-សៀម ឆ្នាំ១៩០៨-១៩០៩ និងគណៈកម្មការបោះបង្គោលព្រំដែនរវាងឥណ្ឌូចិន-សៀម ឆ្នាំ១៩១៩-១៩២០។

ជាថ្មីម្តងទៀត សម្តេចធិបតី បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជា និងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា ជានិច្ចកាលតែងប្រកាន់ខ្ជាប់នូវមនសិការវិជ្ជាជីវៈនិងការទទួលខុសត្រូវខ្ពស់បំផុត ដោយតម្កល់ឧត្តមប្រយោជន៍ជាតិជាធំ ជាពិសេសការការពារបូរណភាពទឹកដីនិងអធិបតេយ្យជាតិ ដោយប្រកាន់ខ្ជាប់នូវការគោរពច្បាប់អន្តរជាតិ គោរពគោលការណ៍ព្រំដែនមិនកែប្រែ និងខ្សែព្រំដែនអន្តរជាតិ កម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនរវាងឥណ្ឌូចិន-សៀម៕អត្ថបទ៖ហ្សាលីន