កម្ពុជា លើកទឹកចិត្តក្រុមហ៊ុនសិង្ហបុរីរួសរាន់បណ្តាក់ទុនវិនិយោគនៅកម្ពុជាបន្ថែមទៀត ដើម្បីទទួលបានផលចំណេញ

សង្គម​ និង​សេដ្ឋកិច្ច

នាឱកាសចូលរួមវេទិកាស្តីពីកាលានុវត្តភាពវិនិយោគ និងពាណិជ្ជកម្ម កម្ពុជា-ចក្រភពអង់គ្លេស នៅប្រទេសសិង្ហបុរី នៅថ្ងៃទី២៥ ខែវិច្ឆិកា លោក លឹម វិសាល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា ក៏បានឆ្លៀតទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូសម្ព័ន្ធធុរកិច្ចសិង្ហបុរី (Singapore Business Federation-SBF)ដើម្បីពិភាក្សាអំពីកាលានុវត្តភាពវិនិយោគនៅកម្ពុជា ការជំរុញពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ និងកម្មវិធីការងារនាពេលអនាគត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងជំនួបនោះ លោក លឹម វិសាល បានលើកឡើងទៅកាន់គណៈប្រតិភូសម្ព័ន្ធធុរកិច្ចសិង្ហបុរី ពីបរិស្ថានវិនិយោគដ៏ល្អប្រសើរ និងកាលានុវត្តភាពដែលកំពុងមានសម្រាប់សកម្មភាពវិនិយោគនិងធុរកិច្ចនៅក្នុងវិស័យជាច្រើននៅកម្ពុជា។ ក្នុងន័យនេះលោកបានជំរុញលើកទឹកចិត្តឱ្យក្រុមហ៊ុនសិង្ហបុរីរួសរាន់បណ្តាក់ទុនវិនិយោគនៅកម្ពុជាបន្ថែមទៀតដើម្បីទទួលបានផលចំណេញទាំងអស់គ្នា។

គួរឱ្យដឹងថា SBF ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០២ និងបានដើរតួនាទីជាតំណាងឱ្យសម្លេងសហគមន៍ធុរកិច្ចទាំងក្នុងស្រុក និងអន្តរជាតិ។ បច្ចុប្បន្ន SBF មានសមាជិកប្រមាណជាង ៣៤.០០០ក្រុមហ៊ុន។

សូមជម្រាបផងដែរថា កាលពីថ្ងៃទី២៤ ខែវិច្ឆិកា លោក លឹម វិសាល ក៏បានជាមួយគណៈប្រតិភូក្រុមហ៊ុនសិង្ហបុរីប្រមាណ ១០ក្រុមហ៊ុន ដែលមានសកម្មភាពធុរកិច្ចក្នុងវិស័យមួយចំនួន ដូចជា អេឡិចត្រូនិក ការផ្តល់ផ្តល់សេវាប្រឹក្សាសម្រាប់ការធ្វើធុរកិច្ច ការផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះបាយ ផលិតផលសម្រាប់ទារក ម្ហូបអាហារ ភេសជ្ជៈផងដែរ។

នៅក្នុងឱកាសនោះលោកក៏បានពីបរិស្ថានវិនិយោគជារួមនៅកម្ពុជាផងដែរ ថែមទាំងបានគូសរំលេចនូវចំណុចសំខាន់ៗមួយចំនួន ដូចជា ហេតុអ្វីវិនិយោគនៅកម្ពុជា, របបលើកទឹកចិត្តវិនិយោគ, កាលានុវត្តភាពក្នុងវិស័យសក្តានុពល កិច្ចសម្រួលនិងការថែទាំវិនិយោគជាដើម។

ពាក់ព័ន្ធនឹងគម្រោងវិនិយោគនេះដែរ បើគិតក្នុងរយៈពេល១០ខែ នៃឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចុះបញ្ជីគម្រោងវិនិយោគចំនួន ៥៧៥គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៩,២ប៊ីលានដុល្លារអាម៉េរិក ដោយគម្រោងវិនិយោគមានការកើនឡើងចំនួន ២២៩គម្រោង ស្មើនឹងប្រមាណ ៦៦% ខណៈទុនវិនិយោគមានការកើនឡើងប្រមាណជិត ៣,៧ប៊ីលានដុល្លារអាម៉េរិក ស្មើ នឹងប្រមាណ ៦៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ ដែលមានគម្រោងវិនិយោគត្រឹមតែ ៣៤៦គម្រោង ក្នុងទំហំទុនវិនិយោគប្រមាណ ៥,៥ប៊ីលានដុល្លារអាម៉េរិក៕