មកស្គាល់កូនអតីតអភិបាលខេត្តកណ្តាល ផៃ ប៊ុនឈឿន សុទ្ធតែកំពុងកាន់តំណែងក្នុងរាជការ

សង្គម​និង​សេដ្ឋកិច្ច

លោក ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្ទឹងត្រែង។ ជាអតីតប្រធានមន្ទីរវប្បធម៌ និងសិល្បៈខេត្ត​កណ្តាល។ ជាមន្ត្រីចាស់ទុំ បទពិសោធន៍ និងឥស្សរជនតស៊ូផងនោះ លោក ផៃ ​ប៊ុនឈឿន ដែលកាលណោះជាអតីត​អភិបាល​រង​ខេត្ត​កណ្តាល​ ក៏ត្រូវបានរាជរដ្ឋាភិបាលតែងតាំងជាអភិ​បាល​ខេត្ត​​ថ្មី​ជំនួស​លោក​ឈុន ស៊ីរុន ​អភិ​បាល​ខេត្ត​ចាស់​ដែល​ត្រូវ​ចូល​និវត្តន៍ កាលពី​ថ្ងៃទី​៣ ឧសភា ២០១៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅឆ្នាំ២០១៦ អភិបាល​ខេត្ត​កណ្ដាល លោក ផៃ ប៊ុនឈឿន ត្រូវ​បានរាជរដ្ឋាភិបាលផ្លាស់ប្តូរមកជា​រដ្ឋលេខាធិការប្រចាំការក្រសួង​បរិស្ថាន។

លោក ផៃ ប៊ុនឈឿន មានកូនប្រុសស្រីចំនួន ៥នាក់ ដែលសុទ្ធសឹងតែទទួលបានការអប់រំខ្ពង់ខ្ពស់ បច្ចុប្បន្នកូនរបស់លោកបានចូលបំពេញការងារជាមន្រ្តីរាជការស្ទើរគ្រប់គ្នាទៅហើយ។ អ្វីដែលជាការកត់សម្គាល់កូនប្រុសស្រីលោកកាន់តួនាទីសំខាន់ៗ និងដឹកនាំកងកម្លាំងផងដែរ។

តើកូនប្រុសស្រីលោកកាន់តួនាទីខ្លះ សូមតាមដានជាមួយឧកញ៉ាញូស៍ ដូចតទៅ៖

ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត កូនប្រុសច្បងលោក ផៃ ប៊ុនឈឿន កាន់តំណែងជាស្នងការនគរបាលខេត្តកណ្តាល នៅឆ្នាំ២០២០ ជំនួសឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ដែលត្រូវមកកន្លែងនាយករងមន្ទីរប្រឆាំងគ្រឿងញៀន។ ឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ធ្លាប់កាន់តួនាទីជាស្នងការរងនគរបាលខេត្តកណ្តាល ទទួលផែនប្រឆាំងគ្រឿងញៀនជាច្រើ នឆ្នាំមុនឡើងស្នងការខេត្ត។

នៅឆ្នាំ២០២១ កូនប្រុសទី២ម្នាក់ទៀត របស់អតីតអភិបាលខេត្តកណ្តាលរូបនេះ គឺ ឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ត្រូវបានរដ្ឋាភិបាល តែងតាំងជាប្រធាននាយកដ្ឋានវិទ្យុទាក់ទង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ជំនួសឧត្តមសេនីយ៍ទោ សៅ ច័ន្ទកុសល្យ ផ្ទេរមកកាន់អនុប្រធាននាយកដ្ឋានកណ្ដាលនគរបាលព្រំដែន។ ហើយឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ហៅ លែត គឺជាអតីតអធិការ នៃអធិការដ្ឋាននគរបាលស្រុកកោះធំ ខេត្តកណ្តាល។

សម្រាប់កូនប្រុសទី៣ឯណេះវិញ កាន់ដំណែងប្រហាក់ប្រហែលលោក ផៃ ប៊ុនឈឿន ដែល លោក ឈឿន ប៊ុណ្ណារ័ត្ន បច្ចុប្បន្នកំពុងកាន់ដំណែងជារដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមុខងារសាធារណៈ។ លើសពីនេះលោកជាប្រធានក្រុមការងាររាជរដ្ឋាភិបាល និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានក្រុងក្រចេះ ខេត្តក្រចេះ។

ដោយឡែក កូនប្រុសទី៤ វិញម្តង ជាមន្ត្រីក្នុងវិស័យសុខាភិបាល គឺ លោក​ ឈឿន​ ប៊ុណ្ណារិទ្ធិ​ ជាវេជ្ជបណ្ឌិត បំរើការងារនៅមន្ទីរសុខាភិបាលខេត្តកណ្តាល និងជាម្ចាស់មន្ទីរសម្រាកព្យាបាល និងសម្ភព ចតុមុខ ស្ថិតនៅក្នុងក្រុងតាខ្មៅ។

ដោយឡែក លោក ផៃ ប៊ុនឈឿន ក៏មានកូនស្រីម្នាក់ដែរកំពុងកាន់តំណែងជាអភិបាលរងក្រុងតាខ្មៅ ខេត្តកណ្តាល គឺលោកស្រី ឈឿន បុប្ផារ័ត្ន ហៅស្រីមុំ ខណៈដែលលោកស្រីក៏ជាអនុប្រធានគណៈកម្មាធិកាសាខាក្រុងតាខ្មៅ។

សូមជម្រាបថា លោក ផៃ ប៊ុនឈឿន អតីតអភិបាលខេត្តកណ្តាល កើតនៅភូមិក្បាលកោះ ឃុំកោះអន្លង់ចិន ស្រុកស្អាង ខេត្តកណ្តាល ដែលកាលនោះមិនទាន់កាត់ចូលក្រុងតាខ្មៅនៅឡើយ។ ឧត្តមភរិយារបស់លោកជាស្រ្តីមេផ្ទះ ស្ថិតនៅក្នុងភូមិឃុំជាមួយគ្នា៕