ប្រទេសជប៉ុន នៅថ្ងៃទី២៥ ខែវិច្ឆិកា បានដាក់ឲ្យដំណើរការគម្រោងមួយដែលមានគោលបំណងកាត់បន្ថយការចំណាយខ្ជះខ្ជាយរបស់រដ្ឋាភិបាល ដោយការពិនិត្យឡើងវិញនូវគម្រោងឧបត្ថម្ភធន និងមូលនិធិវិនិយោគដែលមានស្រាប់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ជុំវិញគំនិតនេះ ត្រូវបានក្រុមអ្នកវិភាគមួយចំនួន ដាក់ឈ្មោះឲ្យថាជាអង្គភាពប្រសិទ្ធភាពរដ្ឋាភិបាល (DOGE) ជប៉ុន ដែលជាទីភ្នាក់ងារត្រូវបានបង្កើតឡើងដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងដឹកនាំដោយមហាសេដ្ឋីមានដាច់គេរបស់ពិភពលោក Elon Musk ។
យ៉ាងណាមិញ ចំពោះគម្រោងថ្មីនេះ ត្រូវបានចាត់ទុកថាជាអាទិភាពមួយ ក្នុងចំណោមអាទិភាពផ្សេងទៀត របស់នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi ដើម្បីបញ្ចុះបញ្ចូលសាធារណជនឲ្យយល់ឃើញថា រដ្ឋាភិបាលរបស់លោកស្រី កំពុងចាត់វិធានការប្រកបដោយការប្រុងប្រយ័ត្នបំផុតលើការចំណាយ ដើម្បីចៀសវាងការកើនឡើងនៃបំណុលដ៏ច្រើន របស់ប្រទេសជប៉ុន។
ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុន លោកស្រី Satsuki Katayama បាននិយាយថា លោកស្រីកំពុងដឹកនាំក្រុមមួយដែលមានមន្ត្រីមកពីក្រសួងហិរញ្ញវត្ថុ និងក្រសួងផ្សេងទៀត ដែលមានភារកិច្ចកំណត់អត្តសញ្ញាណកម្មវិធីបន្ធូរបន្ថយពន្ធ និងឧបត្ថម្ភធនដែលហួសសម័យ ឬមិនចាំបាច់ចោល។
មិនតែប៉ុណ្ណោះ លោកស្រី Katayama បានសង្កត់ធ្ងន់ផងដែរថា គម្រោងនេះមិនដូច DOGE របស់អាមេរិកទេ ដោយយើងមិនមានគោលបំណងផ្លាស់ប្តូរអង្គការរដ្ឋាភិបាលទេ ប៉ុន្តែផ្ទុយទៅវិញ គឺជាការផ្តោតអារម្មណ៍គឺទៅលើការពិនិត្យឡើងវិញនូវប្រាក់ឧបត្ថម្ភដែលមានស្រាប់ គម្រោងបន្ធូរបន្ថយពន្ធ និងការប្រើប្រាស់មូលនិធិរដ្ឋាភិបាលប៉ុណ្ណោះ៕

