កម្ពុជា-សហភាពអឺរ៉ុប ប្តេជ្ញារួមគ្នាបន្តកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែប្រសើរ

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងពាណិជ្ជកម្មកម្ពុជា និងសហភាពអឺរ៉ុប បានជួបពិភាក្សាគ្នា ដើម្បីរួមគ្នាបន្តពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងកម្ពុជា-សហភាពអឺរ៉ុបឱ្យកាន់តែប្រសើរថែមទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើយោងតាមពិសារអាហារការងារពេលព្រឹករវាងលោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មជាមួយឯកឧត្ដម Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោកស្រី Renita Bhaskar ប្រធានផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម នៃប្រតិភូសហភាពអឺរ៉ុប ព្រមទាំងសហការី កាលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥។

នាឱកាសនោះ លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញឱ្យបរិយាកាសធុរកិច្ចនៅកម្ពុជាមានភាពកាន់តែប្រសើរឡើងមួយកម្រិតទៀត ព្រមទាំងការត្រៀមខ្លួនចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDCs) របស់កម្ពុជា។

ជាមួយគ្នានេះ លោកឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អយ៉ាងជិតស្និទ្ធិជាមួយកម្ពុជានិងបន្តអនុវត្តនូវផែនការសកម្មភាពការងាររួមរវាងភាគីទាំងពីរឱ្យកាន់តែមានប្រសិទ្ធិភាព។

សូមរម្លឹកដែរថា គិត​ចាប់​ពី​ខែ​មករា ដល់​ខែ​សីហា​ ឆ្នាំ ២០២៥ ការ​ដោះដូរ​ទំនិញ​កម្ពុជា​ជាមួយ​ដៃ​គូ​ពាណិជ្ជ​កម្ម​អន្តរ​ជាតិ​សម្រេច​បាន​នូវ​ទំហំ​ទឹក​ប្រាក់​ជាង​ ៤២ ពាន់លានដុល្លារ ​កើនឡើង ១៥,៥% ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​កាលពីឆ្នាំមុន ដែល​មានទំហំជិត ៣៦,៥ ពាន់​លានដុល្លារ។​​ នេះ​បើ​យោង​តាម​ទិន្នន័យ​របស់​អគ្គនា​យក​ដ្ឋាន​​គយ ​និង​រដ្ឋាករ​កម្ពុជា​ ​(GDCE) ចេញផ្សាយកាលថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៥ កន្លងទៅ៕ អត្ថបទ៖ហ្សាលីន