ក្រសួងពាណិជ្ជកម្មកម្ពុជា និងសហភាពអឺរ៉ុប បានជួបពិភាក្សាគ្នា ដើម្បីរួមគ្នាបន្តពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងកម្ពុជា-សហភាពអឺរ៉ុបឱ្យកាន់តែប្រសើរថែមទៀត។


នេះបើយោងតាមពិសារអាហារការងារពេលព្រឹករវាងលោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មជាមួយឯកឧត្ដម Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោកស្រី Renita Bhaskar ប្រធានផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម នៃប្រតិភូសហភាពអឺរ៉ុប ព្រមទាំងសហការី កាលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥។
នាឱកាសនោះ លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញឱ្យបរិយាកាសធុរកិច្ចនៅកម្ពុជាមានភាពកាន់តែប្រសើរឡើងមួយកម្រិតទៀត ព្រមទាំងការត្រៀមខ្លួនចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDCs) របស់កម្ពុជា។
ជាមួយគ្នានេះ លោកឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អយ៉ាងជិតស្និទ្ធិជាមួយកម្ពុជានិងបន្តអនុវត្តនូវផែនការសកម្មភាពការងាររួមរវាងភាគីទាំងពីរឱ្យកាន់តែមានប្រសិទ្ធិភាព។
សូមរម្លឹកដែរថា គិតចាប់ពីខែមករា ដល់ខែសីហា ឆ្នាំ ២០២៥ ការដោះដូរទំនិញកម្ពុជាជាមួយដៃគូពាណិជ្ជកម្មអន្តរជាតិសម្រេចបាននូវទំហំទឹកប្រាក់ជាង ៤២ ពាន់លានដុល្លារ កើនឡើង ១៥,៥% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានទំហំជិត ៣៦,៥ ពាន់លានដុល្លារ។ នេះបើយោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) ចេញផ្សាយកាលថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៥ កន្លងទៅ៕ អត្ថបទ៖ហ្សាលីន


