សម្តេចតេជោ៖ កម្ពុជា-ជប៉ុន បានក្លាយជាដៃគូយុទ្ធសាស្ត្រ និងមានការរីកចម្រើនស្ទើរគ្រប់វិស័យ

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអរគុណទូតជប៉ុនដែលបានខិតខំប្រឹងប្រែងកសាងពូនជ្រុំនូវទំនាក់ទំនងកម្ពុជា កាន់តែរីកចម្រើន ខណៈ​បច្ចុប្បន្នកម្ពុជា-ជប៉ុន បានក្លាយជាដៃគូយុទ្ធសាស្ត្រ និងមានការរីកចម្រើនស្ទើរគ្រប់វិស័យ។ សម្តេចតេជោ ថ្លែងដូច្នេះ ក្នុងឱកាសអនុញ្ញាតឱ្យលោក អឹអិណុ អាហ្សឹហ្ស៊ី (H.E. Mr. UENO Atsushi) ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលា ក្នុងឱកាសដែលឯកឧត្តមត្រូវបញ្ចប់បេសកកម្មការទូតនៅកម្ពុជា នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឱកាសនោះ សម្ដេចតេជោ សង្ឃឹមថា ទោះបីជាពេលនេះលោកឯកអគ្គរាជទូតបានផុតអាណត្តិក្តី លោកនឹងនឹកឃើញនូវអនុស្សាវរីយ៍ ដែលបានខិតខំប្រឹងប្រែងក្នុងការកសាងពូនជ្រុំនូវទំនាក់ទំនងរវាងកម្ពុជា និងជប៉ុនឲ្យកាន់តែរីកចម្រើន ហើយមកដល់ពេលនេះប្រទេសទាំងពីរបានក្លាយជាដៃគូយុទ្ធសាស្ត្រជាមួយគ្នា ដែលមានការរីកចម្រើនស្ទើរគ្រប់វិស័យ ជាពិសេសគឺវឌ្ឍនភាព នៃទំនាក់ទំនងរវាងប្រទេសទាំងពីរទាំងនៅក្នុងវិស័យសន្តិសុខ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ ទំនាក់ទំនង រវាងប្រជាជន និងប្រជាជន គឺមានភាពផុសផុល និងរីកចម្រើនជាលំដាប់ ដែលបង្ហាញយ៉ាងច្បាស់អំពីទំនាក់ទំនងរវាងកម្ពុជា និងជប៉ុន កាន់តែរឹងមាំបន្តទៀត។

ជាមួយគ្នានេះ លោកឯកអគ្គរាជទូតជប៉ុន ពិតជាកោតសរសើរចំពោះការរីកចម្រើននៅក្នុងប្រទេសកម្ពុជា ដែលលោកបានលើកឡើងថា មិនមែនត្រឹមតែឯកឧត្តមបានធ្វើជាឯកអគ្គរាជទូតទេ ប៉ុន្តែលោកបានអញ្ជើញមកដល់កម្ពុជាតាំងពីឆ្នាំ១៩៩១មកម្ល៉េះ ហើយបានឃើញអំពីភាពរីកចម្រើនរបស់កម្ពុជាដែលលោក បញ្ជាក់ថារយៈពេលជាង៣០ឆ្នាំមកនេះមិននឹកស្មានថា កម្ពុជាអាចដើរមកដល់ពេលនេះបានទេ។

តាមរយៈជំនួបនោះដែរ សម្តេចតេជោ ក៏បានអរគុណចំពោះជប៉ុនដែលតែងជួយដល់កម្ពុជា ទាំងនៅក្នុងក្របខណ្ឌនៃការស្វែងរកនូវចូលរួមក្នុងការដោះស្រាយនូវបញ្ហាផ្ទៃក្នុងរបស់កម្ពុជា ជាផ្នែកនៃការរកសន្តិភាពសម្រាប់ប្រទេសកម្ពុជា ការចូលរួមចំណែកក្នុងការដោះស្រាយការដោះមីន នៅក្នុងកម្ពុជា ហើយជាពិសេសនោះ គឺការគាំទ្ររបស់ជប៉ុន គឺការកសាងនូវហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជាដែលមិនអាចកាត់ផ្ដាច់នូវតួនាទីរបស់ជប៉ុននោះបាននោះទេ ដូចជាការកសាងផ្លូវ ស្ពាន និងកំពង់ផែជាដើម ដែលជប៉ុនបានចូលរួមចំណែកយ៉ាងសកម្មនៅក្នុងការជួយដល់ប្រទេសកម្ពុជា៕ អត្ថបទ៖ហ្សាលីន