គិតមកទល់ពេលនេះ សហរដ្ឋអាមេរិក និងអឺរ៉ុប ហាក់នៅមិនទាន់មានការព្រមព្រៀងគ្នានៅឡើយទេជុំវិញការកាត់បន្ថយពន្ធគយនៅឡើយនោះទេ ខណៈពេលដែលភាគីទាំងពីរនៅតែបន្តខ្វែងគំនិតគ្នាទៅលើលក្ខខណ្ឌមួយចំនួន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

យោងតាមប្រភពដដែលបានបង្ហាញឲ្យដឹងថា បច្ចុប្បន្នអឺរ៉ុបកំពុងជំរុញឲ្យអាមេរិក កាត់បន្ថយពន្ធលើដែកថែប និងអាលុយមីញ៉ូម ក្រោមកិច្ចព្រមព្រៀងកាលពីខែកក្កដា ប៉ុន្តែអាមេរិកវិញ ចង់ឲ្យសហភាពអឺរ៉ុបពិនិត្យមើលឡើងវិញនូវច្បាប់ដែលកំពុងរឹតត្បិតក្រុមហ៊ុនបច្ចេកវិទ្យារបស់ខ្លួន។
គួរឲ្យដឹងថា នៅក្នុងកិច្ចប្រជុំមួយនៅទីក្រុងព្រុចសែល រដ្ឋមន្ត្រីសហភាពអឺរ៉ុប (EU) បានជំរុញឲ្យយរដ្ឋមន្ត្រីពាណិជ្ជកម្មអាមេរិក លោក Howard Lutnick និងតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក លោកJamieson Greer អនុវត្តកិច្ចព្រមព្រៀងដែលសម្រេចបាន ក្នុងខែកក្កដា។ នោះគឺជាការកាត់បន្ថយពន្ធនាំចូលលើអាលុយមីញ៉ូម និងដែកថែប និងលើកលែងផលិតផលសហភាពអឺរ៉ុបជាច្រើនដូចជាស្រាក្រហម និងស្រាវីស្គី ពីពន្ធ។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោក Lutnick បាននិយាយថា សហភាពអឺរ៉ុបក៏ត្រូវពិនិត្យឡើងវិញនូវបទប្បញ្ញត្តិរបស់ខ្លួនលើវិស័យឌីជីថលជាមុនសិន ដើម្បីធ្វើឲ្យស្ថានភាពកាន់តែមានតុល្យភាព។
លោក Lutnickបាននិយាយប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំថា ៖”នៅពេលដែលពួកគេមានក្របខ័ណ្ឌគោលនយោបាយដែលយើងទទួលយកបាន និងយល់ ដូច្នេះការដាក់ពន្ធលើអាលុយមីញ៉ូម និងដែកថែប ក៏អាចនឹងត្រូវដោះស្រាយបានផងដែរ”។
យ៉ាងណាក៏ដោយ លោក Lutnick ហាក់មិនបានបញ្ជាក់ថាសហរដ្ឋអាមេរិកត្រូវការការផ្លាស់ប្តូរអ្វីខ្លះនោះទេ ប៉ុន្តែបានអះអាងថា បទប្បញ្ញត្តិដែលមានតុល្យភាពនឹងជួយអឺរ៉ុបទាក់ទាញការវិនិយោគរាប់ពាន់លានដុល្លារ។
ជម្រាបជូនថា រដ្ឋបាលរបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ បានរិះគន់សហភាពអឺរ៉ុបម្តងហើយម្តងទៀតនៅឆ្នាំនេះ ដោយនិយាយថាច្បាប់របស់ពួកគេ បានកំណត់អំណាចរបស់ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សអាមេរិកជាច្រើន៕

