WB ជំរុញឱ្យធនាគារជាតិបន្តជួយចែករំលែកបទពិសោធការអភិវឌ្ឍប្រព័ន្ធទូទាត់ទៅកាន់ប្រទេសផ្សេងៗ

សង្គម​ និង​សេដ្ឋកិច្ច

ធនាគារពិភពលោកប្រចាំកម្ពុជា (World Bank) បានលើកទឹកចិត្តឱ្យធនាគារជាតិនៃកម្ពុជា ឱ្យបន្តជួយចែករំលែកបទពិសោធជោគជ័យលើការអភិវឌ្ឍប្រព័ន្ធទូទាត់ ក៏ដូចជាសមិទ្ធផលផ្សេងទៀតទៅកាន់ប្រទេសផ្សេងៗផងដែរ។ការជំរុញនេះ បានធ្វើឡើងក្នុងជំនួបរវាងលោកស្រី ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ជាមួយលោកស្រី Tania Meyer ប្រធានគ្រប់គ្រង ធនាគារពិភពលោកប្រចាំកម្ពុជា កាលទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងជំនួបនេះ ធនាគារជាតិ និងធនាគារពិភពលោក បានលើកឡើងពីកិច្ចសហប្រតិបត្តិការល្អរវាងស្ថាប័នទាំងពីរនាពេលកន្លងមក។ ជាក់ស្តែង ធនាគារពិភពលោកបាននិងកំពុងផ្តល់ជំនួយបច្ចេកទេសសំខាន់ៗមួយចំនួនដល់ធនាគារជាតិនៃកម្ពុជាដូចជា ការរួមចំណែកក្នុងការអភិវឌ្ឍសមត្ថភាពគ្រប់គ្រងទុនបម្រុងអន្តរជាតិ ក្របខ័ណ្ឌគ្រប់គ្រងនិងបង្ការវិបត្តិ ប្រព័ន្ធធានារ៉ាប់រងលើប្រាក់បញ្ញើ និងបច្ចេកវិទ្យាជាដើម។

ទន្ទឹមគ្នានេះ លោកស្រី Tania បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលធនាគារជាតិនៃកម្ពុជាសម្រេចបាន ដូចជា ការរក្សាបានស្ថិរភាពអត្រាប្តូរប្រាក់ និងស្ថិរភាពថ្លៃ ភាពរឹងមាំនៃប្រព័ន្ធធនាគារ និងការរីកចម្រើននៃប្រព័ន្ធទូទាត់ឌីជីថលនៅកម្ពុជា។ ក្នុងន័យនេះ លោកស្រី បានលើកទឹកចិត្តឱ្យធនាគារជាតិនៃកម្ពុជាបន្តជួយចែករំលែកបទពិសោធជោគជ័យលើការអភិវឌ្ឍប្រព័ន្ធទូទាត់ ក៏ដូចជាសមិទ្ធផលផ្សេងទៀតទៅកាន់ប្រទេសផ្សេងៗផងដែរ។

ជាការឆ្លើយតប លោកជំទាវទេសាភិបាលបានមានប្រសាសន៍ពីការចែករំលែកបទពិសោធនៃការអភិវឌ្ឍប្រព័ន្ធទូទាត់ឌីជីថលកម្ពុជា ការគ្រប់គ្រងទុនបម្រុងអន្តរជាតិ និងការត្រួតពិនិត្យប្រព័ន្ធធនាគារ ទៅកាន់បណ្តាប្រទេសនានាទាំងក្នុងតំបន់ និងពិភពលោកនាពេលកន្លងមក។ បន្ថែមលើនេះ លោកជំទាវក៏បានបញ្ជាក់ថា ធនាគារជាតិនៃកម្ពុជាតែងទទួលស្វាគមន៍ដំណើរទស្សនកិច្ចសិក្សារបស់គណៈប្រតិភូជាន់ខ្ពស់នៃធនាគារកណ្តាលនានាមកកាន់កម្ពុជាក្នុងគោលបំណងស្វែងយល់ពីដំណើរការអភិវឌ្ឍប្រព័ន្ធទូទាត់នៅកម្ពុជា។

តាមរយៈជំនួបនោះដែរ ភាគីទាំងពីរ ក៏បានផ្លាស់ប្តូរទស្សនាទានអំពីការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា និងបញ្ហាប្រឈមដែលកំពុងជួបប្រទះដោយសារកត្តាខាងក្រៅមួយចំនួន។ ជាងនេះទៀត ធនាគារជាតិ ក៏បានលើកឡើងពីអត្ថប្រយោជន៍នៃការរីកចម្រើននៃបច្ចេកវិទ្យា និងហានិភ័យពាក់ព័ន្ធ ជាពិសេស ការរីកចម្រើនយ៉ាងឆាប់រហ័សនៃបញ្ញាសិប្បនិម្មិត AI បញ្ហាសាយប័រ និងអនឡាញស្កេម ដែលទាមទារឱ្យមានកិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធដើម្បីពង្រឹងចំណេះដឹងផ្នែកហិរញ្ញវត្ថុ រក្សាស្ថិរភាពហិរញ្ញវត្ថុ៕ អត្ថបទ៖ហ្សាលីន