នៅក្នុងជំនួបសម្តែងការគួរសមរវាង លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ នាថ្ងៃទី២៧ ខែវិច្ឆិកា នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ លោក ប្រាក់ សុខុន លើកឡើងថា មិត្តភាពទ្វេភាគីដ៏ខ្លាំងក្លាគ្រប់វិស័យរវាងប្រទេសទាំងពីរ រួមមាន៖ ពាណិជ្ជកម្ម ការវិនិយោគ ថាមពល ការតភ្ជាប់ និងការដឹកជញ្ជូន។ ដែលទាំងអស់នេះជាមូលដ្ឋានគ្រឹះ។

គួរឱ្យដឹងថា នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ២០២៥ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញធ្វើជាសហប្រធានជាមួយ លោក ថងសាវណ្ណ ភុមិវិហាន រដ្ឋមន្ត្រីការបរទេសឡាវ ក្នុងកិច្ចប្រជុំ លើកទី១៥ នៃគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី (JCBC) កម្ពុជា-ឡាវ នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ។

នៅក្នុងសុន្ទរកថាបើក លោកឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ពីសារៈសំខាន់នៃការរីកចម្រើនទំនាក់ទំនងទ្វេភាគីកម្ពុជា និងឡាវ ដែលត្រូវបានផ្សារភ្ជាប់តាមរយៈសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាច្រើនឆ្នាំ។ ភាគីទាំងពីរក៏បានគូសបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួមក្នុងការបន្តពង្រឹងភាពជាដៃគូដ៏សំខាន់នេះដើម្បីផលប្រយោជន៍ប្រទេសទាំងពីរ។
កិច្ចប្រជុំក៏បានត្រួតពិនិត្យវឌ្ឍនភាពនៃកិច្ចប្រជុំ លើកទី១៤ នៃJCBC និងស្វែងរកវិស័យថ្មីៗដើម្បីបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរបស់ប្រទេសទាំងពីរបន្ថែមទៀត។ ក្នុងឱកាសនោះផងដែរ ភាគីទាំងពីរក៏បានចុះហត្ថលេខាលើកំណត់ហេតុ កិច្ចប្រជុំ លើកទី១៥ នៃ JCBC កម្ពុជា-ឡាវ៕



