គម្រោងវិនិយោគខេត្តជាំងស៊ូ ក្នុងប្រទេសកម្ពុជា មានជាង ២០០ គម្រោង និងមានទុនវិនិយោគប្រមាណ ១,៨៤ ពាន់លានដុល្លារ

សង្គម​ និង​សេដ្ឋកិច្ច

គម្រោងវិនិយោគសរុបរបស់ខេត្តជាំងស៊ូ ដែលបានដាក់ទុនវិនិយោគក្នុងប្រទេសកម្ពុជា មានចំនួន ២១៧ គម្រោង និងមានទុនវិនិយោគសរុបប្រមាណ ១,៨៤ ពាន់លានដុល្លារអាម៉េរិក ក្នុងនោះឆ្នាំ ២០២៤ មាន ៣២ គម្រោង មានទុនវិនិយោគសរុបប្រមាណ ១៨០ លានដុល្លារអាម៉េរិក ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើតាមការឱ្យដឹងរបស់លោក សឺ យ៉ុង (Si Yong) ប្រធានមន្ទីរពាណិជ្ជកម្មខេត្តជាំងស៊ូ នៅក្នុងវេទិកាកិច្ចសហប្រតិបតិ្តការវិនិយោគ កាលពីថ្ងៃទី ៧ ខែ មិថុនា ឆ្នាំ២០២៥នៅទីក្រុងណានជីងខេត្តជាំងស៊ូ ប្រទេសចិន។

គួរជម្រាបថា ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ, រដ្ឋបាលខេត្តព្រះសីហនុ និង មន្ទីរពាណិជ្ជកម្មខេត្តជាំងស៊ូ បានសហការរៀបចំ «វេទិកាកិច្ចសហប្រតិបត្តិការវិនិយោគព្រះសីហនុ-ជាំងស៊ូ» ដើម្បីផ្សព្វផ្សាយ ជំរុញ និង ទាក់ទាញការវិនិយោគ ក្រោមក្របខណ្ឌនៃការអនុវត្ត «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤» ដែលត្រូវបន្តអនុវត្តរហូតដល់ដំណាច់ឆ្នាំ ២០២៥ ដល់សហគ្រាសប្រមាណ ១២០ និង សមាគមពាណិជ្ជកម្ម ខេត្តជាំងស៊ូ នៃសាធារណៈរដ្ឋប្រជាមានិតចិន ។

ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដែលមានលោក ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និង ជាប្រធានក្រុមការងារ នឹងបន្តផ្តល់អាទិភាពក្នុងការទាក់ទាញការវិនិយោគ ទាំងក្នុងស្រុក និង ក្រៅស្រុក រួមជាមួយនឹងការផ្តល់ការលើកទឹកចិត្តពិសេស, ការសម្រួលនីតិវិធី និង ការសម្របសម្រួលដោះស្រាយសំណូមពររបស់វិស័យឯកជន ។

លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុបានថ្លែងថា ខេត្តព្រះសីហនុ មានសក្ដានុពលខ្ពស់ចំពោះការវិនិយោគក្នុងវិស័យដូចជា វិស័យឧស្សាហកម្ម ពាណិជ្ជកម្ម ទេសចរណ៍ អចលនទ្រព្យ និង ការដឹកជញ្ជូន ព្រមទាំងមានហេដ្ឋារចនាសម្ព័ន្ធគាំទ្រសំខាន់ៗដូចជា (១). កំពង់ផែសមុទ្រអន្តរជាតិចំនួន ៣ គឺ កំពង់ផែកែវផុស, កំពង់ផែអន្តរជាតិស្ទឹងហាវ, និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលបច្ចុប្បន្នមានជំរៅទឹក ១៣,៥ ម៉ែត្រ ដែលអាចឱ្យនាវាដែលមានចំណុះផ្ទុក ២,០០០ TEUs ចូលចតបាន, (២). ផ្លូវជាតិ ផ្លូវល្បឿនលឿន ផ្លូវដែក និង ផ្លូវអាកាស, (៣). ការរៀបចំផែនការមេអភិវឌ្ឍខេត្តព្រះសីហនុឱ្យក្លាយទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ។

លោកបន្តថាតាមរយៈវេទិកាកិច្ចសហប្រតិបត្តិការវិនិយោគព្រះសីហនុ-ជាំងស៊ូ ក៏មានការធ្វើបទបង្ហាញបច្ចេកទេសអំពី កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤ (បន្តរហូតដល់ដំណាច់ឆ្នាំ ២០២៥) និង តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដោយបានទាញការចាប់អារម្មណ៍ខ្ពស់ពីវិនិយោគិន និង ធុរជន ព្រមទាំងបានបង្ហាញបំណងមកបណ្ដាក់ទុនវិនិយោគក្នុងខេត្តព្រះសីហនុ ជាពិសេសក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ តាមរយៈកម្មវិធីពិសេសនេះ ៕