ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បង្ហាញឆន្ទៈដោះស្រាយបញ្ហា ជូនអតិថិជនទិញដីឡូត៍ឬផ្ទះ នៅបុរី ឡេង ណាវ៉ាត្រា

សង្គម​ និង​សេដ្ឋកិច្ច

ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ បានថ្លែងប្រាប់ឱ្យដឹងថា បច្ចុប្បន្នក្រុមការងារក្រសួងកំពុងខិតខំប្រឹងប្រែង ជាមួយក្រុមហ៊ុន ឡេងណាវ៉ាត្រា ក្នុងការដោះស្រាយបញ្ហាបណ្ណកម្មសិទ្ធិដីឡូត៍ឬផ្ទះ ដើម្បីប្រគល់ជូនអតិថិជនតាមដំណាក់កាលនីមួយៗ និងមិនបានគេចវេសនោះទេ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការថ្លែងរបស់ឧបនាយករដ្ឋមន្ត្រីខាងលើនេះ បានធ្វើឡើងក្នុងឱកាសដែលឯកឧត្តមបានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងប្រគល់បណ្ណកម្មសិទ្ធិជូនដល់អតិថិជនបុរី ឡេង ណាវ៉ាត្រា គម្រោងផ្លូវជាតិលេខ ៦អា និងគម្រោងជ្រែមួយរយ ដំណាក់កាលទី៣ ចំនួន ២ ៤៦៣បណ្ណ នៅទីស្តីការក្រសួង។ 

ក្នុងឱកាសសំណេះសំណាលនេះ ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានសុំការអភ័យទោសដល់អតិថិជនទាំងអស់ ចំពោះបញ្ហាដែលកើតមានឡើងនាពេលកន្លងមក។ ឯកឧត្តម បានបន្ថែមថា ក្រសួងនឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយម្ចាស់គម្រោង និងអាជ្ញាធរមូលដ្ឋានដើម្បីសហការជាមួយដៃគូវិនិយោគ សំដៅដោះស្រាយបញ្ចប់ការសាងសង់ផ្ទះ ការចាក់ដី និងការកសាងហេដ្ឋារចនាសម្ព័ន្ធ និងសូមឱ្យបងប្អូនប្រជាពលរដ្ឋចូលរួមថែទាំហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់ ដើម្បីប្រែក្លាយគម្រោងនេះ ទៅជាភូមិឋានក្សេមក្សាន្ត ទ្រនំសុភមង្គល ដែលប្រជាជនរស់នៅចេះជួយយកអាសារគ្នា មានសាមគ្គីភាព សេចក្តីថ្លៃថ្នូរ ផាសុខភាព ចូលរួមថែទាំហេដ្ឋាចនាសម្ព័ន្ធក្នុងបុរី និងគ្រួសាររស់នៅប្រកបដោយសុភមង្គល។

សូមជម្រាបថា ការចែកបណ្ណកម្មសិទ្ធិ និងអនុវត្តនីតិវិធីចុះបញ្ជីផ្ទេរកម្មសិទ្ធិជូនអតិថិជនបុរី ឡេង ណាវ៉ាត្រា គម្រោងផ្លូវជាតិលេខ ៦អា និងគម្រោងជ្រែមួយរយ ស្ថិតនៅភូមិជ្រែមួយរយ និងភូមិអន្លង់ស្លែង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល នឹងធ្វើឡើងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែវិឆ្ឆិកា ឆ្នាំ២០២៥ រៀងរាល់ម៉ោងធ្វើការ នៅទីស្តីការក្រសួងរៀបចំដែនដី។

ក្នុងដំណាក់កាលទី៣នេះ ក្រសួងរៀបចំដែនដីនឹងអនុវត្តនីតិវិធីចុះបញ្ជីផ្ទេរកម្មសិទ្ធិ និងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដំណាក់កាលទី៣ ចំនួន ២,៤៦៣បណ្ណ ជូនអតិថិជនរបស់គម្រោងផ្ទះនិងដីឡូត៍ ឡេង ណាវ៉ាត្រា ជ្រែមួយរយ និងគម្រោងផ្លូវជាតិលេខ៦អា។ ទន្ទឹមនេះ ក្រសួងនឹងបន្តអនុវត្តនីតិវិធីទទួលពាក្យស្នើសុំ ផ្ទេរកម្មសិទ្ធិពីអតិថិជនដែលបានបង់ប្រាក់ថ្លៃលក់ទិញដីឡូត៍ និង/ឬផ្ទះគ្រប់ចំនួន ១០០% ដោយភ្ជាប់មកជាមួយនូវឯកសារ ដូចជា៖ កិច្ចសន្យាលក់ទិញដីឡូត៍និង/ឬផ្ទះ (ច្បាប់ដើម), វិក្កយបត្របង់ប្រាក់ឬឯកសារបញ្ជាក់ពីការបង់ប្រាក់ (ច្បាប់ដើម) និងឯកសារពាក់ព័ន្ធនឹងការស្នើសុំចុះបញ្ជីផ្ទេរកម្មសិទ្ធិ៕