គម្រោង Bay of Lights ចាប់ដៃគូជាមួយសន្និបាត AIM Congress ក្នុងគោលដៅជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា

សង្គម​និង​សេដ្ឋកិច្ច

ខេត្តព្រះសីហនុ ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៤ – គម្រោងអភិវឌ្ឍន៍ទីក្រុង Bay of Lights មានមោទកភាពប្រកាស​អំពីការ​ចាប់ផ្ដើមនូវភាពជាដៃគូយុទ្ធសាស្ត្រជាមួយសន្និបាត Annual Investment Meeting ហៅកាត់ថា AIM Congress ដែលជាវេទិកាវិនិយោគដ៏ល្បីរបស់សហភាពអារ៉ាប់រួម។ កិច្ចសហការនេះជាការបោះជំហាន​ដ៏ធំមួយក្នុងការពង្រឹង​ទំនាក់​ទំនងរវាងទីផ្សារអាស៊ី ជាមួយទីផ្សារមជ្ឈឹមបូព៌ា ក៏ដូចជាជំរុញដល់កំណើនសេដ្ឋកិច្ចកម្ពុជាផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
ឯកឧត្តម Dawood Al Shezawi ប្រធាននៃសន្និបាត AIM

កិច្ចសហការនេះលេចចេញជារូបរាងឡើង ក្រោយពីឆ្លងកាត់កិច្ចចរចារអស់រយៈពេលជិតមួយឆ្នាំ រួមជាមួយដំណើរ​ទស្សនកិច្ច​ជាច្រើនលើកពីសំណាក់អគ្គនាយកសន្និបាត AIM Congress។ កិច្ចព្រមព្រៀងលើភាពជាដៃគូនេះ​ត្រូវបាន​ចុះហត្ថលេខាជាផ្លូវការ នៅក្នុងពិធីចុះហត្ថលេខាដែលរៀបចំឡើងនៅឯមជ្ឈមណ្ឌលពាណិជ្ជកម្មនៃគម្រោង Bay of Lights ក្នុងខេត្តព្រះសីហនុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក ឯម ភាព អភិបាលរង នៃគណៈអភិបាលខេត្ត​ព្រះសីហនុ។

លោក ឯម ភាព អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ

ក្រោមកិច្ចសហការនេះ នឹងមានការបង្កើតនូវសន្និបាត AIM Congress Asia នៅលើទឹកដីនៃគម្រោងអភិវឌ្ឍន៍ Bay of Lights ដើម្បីផ្ដល់ជាវេទិកាសម្រាប់វិនិយោគិន និងមន្ត្រីរដ្ឋាភិបាលនៃបណ្ដាប្រទេសលើសកលលោក ឲ្យបានជ្រួតជ្រាប​កាន់តែច្បាស់ពីឱកាសវិនិយោគដ៏ទូលំទូលាយនៅកម្ពុជា។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម Dawood Al Shezawi ប្រធាននៃ AIM Congress នៅក្នុងពិធីចុះហត្ថលេខា។

សូមបញ្ជាក់ថា សន្និបាត AIM Congress គឺជាវេទិកាវិនិយោគកំពូលនៅមជ្ឈឹមបូព៌ាដែលផ្ដោតសំខាន់លើ ការវិនិយោគ​ផ្ទាល់ពីបរទេស ទីក្រុងអនាគត និងសហគ្រាសធុនតូច និងមធ្យម ដែលសំដៅលើកកម្ពស់សេដ្ឋកិច្ច និងពង្រឹងទំនាក់​ទំនងអន្តរជាតិ ដោយកន្លងមកបានទទួលស្វាគមន៍គណៈប្រតិភូចូលរួមជាង ១ម៉ឺននាក់ មកពី ១៧៥ប្រទេស និងមាន​ការដាក់តាំងបង្ហាញអាជីវកម្មពីក្រុមហ៊ុនជាង ៥០០ មកពីជុំវិញពិភពលោក។

លើសពីនេះ គម្រោងអភិវឌ្ឍន៍ Bay of Lights ជាមួយ AIM Congress ក៏គ្រោងនឹងបង្កើតមជ្ឈមណ្ឌលសន្និបាត និង​ពិព័រណ៌ស្តង់ដារអន្តរជាតិដំបូងគេនៃខេត្តព្រះសីហនុ លើផ្ទៃដីទំហំ ១១ហិកតា ក្នុងគម្រោងអភិវឌ្ឍន៍ Bay of Lights ផ្ទាល់។ មជ្ឈមណ្ឌលនេះ នឹងជាបណ្ដុំនៃសន្និបាតលំដាប់ពិភពលោក ក៏ដូចជាព្រឹត្តិការណ៍ធំៗជាច្រើន ដែលនឹងអាច​ទាក់​ទាញលំហូរវិនិយោគពីតំបន់មជ្ឈឹមបូព៌ា ចូលមកកាន់តំបន់អាស៊ី ដែលនឹងជំរុញឲ្យមានការរីក​ចម្រើនដែលមិនអាចប្រៀប​ផ្ទឹមបាន។

បន្ថែមពីនេះ កិច្ចសហប្រតិបត្តិការទ្វេភាគីនេះ ក៏នឹងត្រៀមបង្ហាញនូវសមិទ្ធផលមួយទៀតផងដែរក្នុងសន្និបាត AIM Congress ឆ្នាំ ២០២៤ ខាងមុខនេះនៅទីក្រុងអាប៊ូដាប៊ី ដោយគម្រោង Bay of Lights និង AIM Congress គ្រោងនឹង​សម្រេចសម្រួលគ្នាលើកិច្ចព្រមព្រៀងអភិវឌ្ឍន៍រួមគ្នាថ្មីមួយទៀត ដែលកាន់តែសបញ្ជាក់ពីការប្ដេជ្ញា​ខ្ពស់របស់ភាគីទាំងពីរ​ក្នុងការ​បង្កើតអនាគតដ៏រីកចម្រើន តាមរយៈយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រកបដោយភាពច្នៃប្រឌិតខ្ពស់។

គម្រោង Bay of Lights គឺជាគម្រោងអភិវឌ្ឍន៍ឈានមុខគេជាមួយចក្ខុវិស័យក្នុងការផ្លាស់ប្ដូរមុខមាត់ខេត្តព្រះសីហនុ។ ជាមួយទំហំវិនិយោគ ១៦ពាន់លានដុល្លារ គម្រោងទីក្រុងនេះលាតសន្ធឹងលើផ្ទៃដី ៩៣៤ហិកតា ជាមួយផែនការមេ​ដែល​បានរចនាឡើងយ៉ាងល្អិតល្អន់ដោយបែងចែកជា៩តំបន់ផ្សេងៗគ្នា ផ្អែកលើសរសរស្តម្ភនៃការអភិវឌ្ឍទាំង៦ រួមមាន សេវា​កម្មហិរញ្ញវត្ថុ, ទេសចរណ៍, ការអប់រំ, ការកម្សាន្ត និងរស់នៅ, សុខភាព និងសុខុមាលភាព រួមទាំង សិល្បៈ និងវប្បធម៌​ផងដែរ។ ឈរលើចក្ខុវិស័យក្នុងការបង្កើតគោលដៅទេសចរណ៍ និងមជ្ឈមណ្ឌលហិរញ្ញវត្ថុលំដាប់ពិភពលោក ការរចនា​ប្រកបដោយយុទ្ធសាស្ត្ររបស់គម្រោង Bay of Lights នេះ នឹងនាំមកនូវការផ្សារភ្ជាប់ទំនាក់ទំនងពហុវិស័យ និងជំរុញ​សន្ទុះកំណើនសេដ្ឋកិច្ច៕