កម្ពុជា-ចិន ឯកភាពគ្នាបង្កើនជើងហោះហើរទ្វេទិស ដើម្បីជំរុញការផ្លាស់ប្តូរទេសចរណ៍រវាងប្រទេសទាំងពីរ

សង្គម​និង​សេដ្ឋកិច្ច

កម្ពុជា-ចិន បានឯកភាពគ្នាបង្កើនជើងហោះហើរទ្វេទិស ដើម្បីជំរុញការផ្លាស់ប្តូរទេសចរណ៍រវាងប្រទេសទាំងពីរឱ្យកាន់តែខ្លាំងថែមទៀត។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរួម ស្តីពី ដំណើរទស្សនកិច្ចរបស់ លោកវ៉ាង យី មកកាន់ព្រះរាជាណាចក្រកម្ពុជា និងកិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សេចក្តីថ្លែងការណ៍ខាងលើ បានឱ្យដឹងថា ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ លោក វ៉ាង យី សមាជិកការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន, ប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេស, និងជារដ្ឋមន្ត្រី ការបរទេស បានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា។

ក្នុងដំណើរបំពេញទស្សនកិច្ចនេះ លោក វ៉ាង យី បានចូលក្រាបបង្គំគាល់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា, និងជួបសម្តែងការគួរសមជាមួយ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំក្នុងក្រសួង និងស្ថាប័នមួយចំនួនទៀត។

តាមរយៈជំនួបនោះ ភាគីកម្ពុជា-ចិន បានឯកភាពក្នុងការឆ្លៀតចាប់យកកាលានុវត្តភាពនៃ “ឆ្នាំផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន” តាមរយៈការបង្កើនជើងហោះហើរទ្វេទិសប្រកបដោយសណ្តាប់ធ្នាប់,ដើម្បីជំរុញការផ្លាស់ប្តូរទេសចរណ៍រវាងប្រទេសទាំងពីរ។ លើសពីនេះ ចិននឹងជំរុញការគាំទ្រកម្ពុជាក្នុងការប្រើប្រាស់ឱ្យអស់ពីសក្តានុពលនៃធនធានទេសចរណ៍ និងធនធានរបស់ខ្លួន ព្រមទាំងនឹងដាក់ចេញបន្ថែមនូវការផ្លាស់ប្តូររវាងយុវជន ប្រជាជនមូលដ្ឋាន និងក្រុមមិត្តភាពជាដើម។ ទន្ទឹមនេះ កម្ពុជា ក៏ប្រកាសថា នឹងគាំទ្រដល់ការបើកដំណើរការឡើងវិញនូវមជ្ឈមណ្ឌលវប្បធម៌ចិននៅកម្ពុជាផងដែរ។

​គួរបញ្ជាក់ដែរថា យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ ពេញមួយឆ្នាំ២០២៣ កម្ពុជាទទួលបានភ្ញៀវទេសចរបរទេសចំនួន ៥.៤​លាននាក់ កើនឡើង ១៣៩.៥ភាគរយ បើធៀបនឹងឆ្នាំ២០២២។ ក្នុងនោះដែរ​​ ​ភ្ញៀវទេសចរចិន ឈរនៅលំដាប់ទី៣ ដែលមានប្រមាណ ៥៤៧,៧៩៨នាក់។ ក្រសួងទេសចរណ៍ ក៏ធ្លាប់បានរំពឹងថា ចំនួនភ្ញៀវទេសចរចិន នឹងមកាន់កម្ពុជាកាន់តែច្រើនថែមទៀត ខណៈក្រសួងនឹងប្តេជ្ញាបង្កើនការផ្សព្វផ្សាយ​ដ៏​ធំ​ទូលាយ​បន្ថែមទៀត​សម្រាប់​ការលើក​កម្ពស់ និង​ភាព​ទាក់ទាញ​ភ្ញៀវទេសចរ​ជនជាតិ​ចិន រួមទាំង​ជនបរទេស​ផ្សេងទៀត​ឱ្យធ្វើ​ដំណើរ​មក​កម្សាន្ត​ប្រទេស​កម្ពុជា​កាន់តែច្រើន​៕