អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មការសម្របសម្រួលក្រុមការងារផ្នែកឯកជន សម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន បានបង្ហើបឱ្យដឹងថា គិតចាប់ពីការបង្កើតឡើងនូវវេទិការដ្ឋាភិបាល–ផ្នែកឯកជន (G-PSF) នៅឆ្នាំ១៩៩៩ គឺមានបញ្ហាដែលជាកង្វល់របស់វិស័យឯកជនច្រើនជាង ៤,០០០ ករណី បានត្រូវលើកមកពិនិត្យ ពិភាក្សា និងដោះស្រាយ ក្នុងរយៈពេល ២៥ឆ្នាំមកនេះ។

ការថ្លែងរបស់អ្នកឧកញ៉ា បានធ្វើឡើងក្នុងឱកាសដែលលោកអញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ និងពីធីអបអរសាទរខួប ២៥ឆ្នាំ នៃការបង្កើតវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ក្រោមអធិបតីភាព ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានគណៈកម្មការសម្របសម្រួលការងារសម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសណ្ឋារគារ រ៉ាហ្វិល ឡឺរ៉ូយ៉ាល់។
ក្នុងឱកាសនោះ អ្នកឧកញ៉ាប្រធានសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងថា ថ្ងៃនេះយើងបានប្រមូលផ្ដុំគ្នា ដើម្បីអបអរសាទរ និងជាកម្មពិធីដ៏អស្ចារ្យមួយ នៃរយៈពេល ២៥ ឆ្នាំ របស់វេទិការដ្ឋាភិបាលឯកជន ដែលជាយន្តការដ៏ពិសេស និងច្នៃប្រឌិតមួយ ដែលបានក្លាយជាគំរូជោគជ័យបំផុតរបស់កម្ពុជា ក្នុងការសហការរវាងរដ្ឋាភិបាល និងវិស័យឯកជន។ ក្នុងនាមប្រធានសភាពាណិជ្ជកម្មកម្ពុជា អ្នកឧកញ៉ា មានកិត្តិយសយ៉ាងខ្លាំង ដែលបានចូលរួមក្នុងសិក្ខាសាលានេះ ដើម្បីឆ្លុះបញ្ចាំងពីសមិទ្ធិផលរួម និងការប្តេជ្ញាចិត្តបន្តរបស់យើង ក្នុងការស្ថាបនាប្រទេសកម្ពុជាមានសេដ្ឋកិច្ចរឹងមាំ និងកាន់តែខ្លាំងក្លាជាងមុន។
អ្នកឧកញ៉ា បានបន្ថែមថា គិតចាប់ពីការបង្កើតឡើងនូវវេទិការដ្ឋាភិបាល–ផ្នែកឯកជន (G-PSF) នៅឆ្នាំ១៩៩៩ ដែលជាគំនិតផ្តួចផ្តើមប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងជាប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មានរយៈពេល ២៥ ឆ្នាំមកហើយ។ ២៥ ឆ្នាំកន្លងមកនេះមានបញ្ហាដែលជាកង្វល់របស់វិស័យឯកជនច្រើនជាង ៤,០០០ ករណី បានត្រូវលើកមកពិនិត្យ ពិភាក្សា និងដោះស្រាយ។ ហើយតាមរយៈយន្តការនេះ បានធ្វើការកែទម្រង់ធំៗជាច្រើនក្នុងផ្នែកគយ ពន្ធដារ កិច្ចសម្រួលពាណិជ្ជកម្ម ឡូជីស្ទិក ការអភិវឌ្ឍន៍សហគ្រាសតូច មធ្យម (SMEs) និងគោលនយោបាយវិនិយោគ ត្រូវបានរៀបចំ និងបង្កើតឡើងតាមរយៈយន្តការនេះ និងបានបញ្ជាក់ថា ពេលដែលរាជរដ្ឋាភិបាល និងវិស័យឯកជនធ្វើការជាមួយគ្នា កម្ពុជាក៏ទទួលបានជោគជ័យផងដែរ។
គួរបញ្ជាក់ថា យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជននៅកម្ពុជា (G-PSF) គឺជាវេទិកាកំពូលនៃកិច្ចសន្ទនារវាងវិស័យសាធារណៈ និងវិស័ យឯកជននៅកម្ពុជា។ វេទិកា G-PSF មានការចូលរួមពីភាគីពាក់ព័ន្ធចម្រុះ ដែលតម្រូវឱ្យមានអន្តរកម្មជាច្រើនរវាងភាគីពាក់ព័ន្ធ ពោលគឺអន្តរកម្មរវាងវិស័យឯកជន និងវិស័យឯកជន អន្តរកម្មរវាងវិស័យសាធារណៈ និងវិស័យសាធារណៈ និងអន្តរកម្មរវាងវិស័យឯកជន និងវិស័យសាធារណៈ។ អន្តរកម្មទាំងនេះគឺជាលក្ខខណ្ឌចាំបាច់ ដើម្បីបង្កើតបានលទ្ធផលពីយន្តការ G-PSF៕






