កម្ពុជា ស្វាគមន៍ការប្រើប្រាស់កំពង់ផែសមុទ្រកម្ពុជាជាច្រកនាំចេញរបស់ឡាវទៅកាន់ទីផ្សារអន្តរជាតិ

សង្គម​ និង​សេដ្ឋកិច្ច

មន្រ្តីជាន់ខ្ពស់កម្ពុជា បានលើកឡើងថា កម្ពុជាស្វាគមន៍ការប្រើប្រាស់កំពង់ផែសមុទ្រកម្ពុជាជាច្រកនាំចេញរបស់ឡាវទៅកាន់ទីផ្សារអន្តរជាតិ ពិសេសការប្រើប្រាស់ព្រែកជីកហ្វូណនតេជោតែម្តង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការលើកឡើងនេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សារវាង លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ជាមួយលោក Sonexay Vannaxay ឯកអគ្គរដ្ឋទូតឡាវថ្មីប្រចាំកម្ពុជា កាលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦។

នាឱកាសនោះ លោក Sonexay Vannaxay បានប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើវិស័យពាណិជ្ជកម្ម វិនិយោគ ថាមពល បរិវត្តកម្មឌីជីថល និងការអភិវឌ្ឍធនធានមនុស្ស។ លោកបន្តប្តេជ្ញាថា នឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន ពិសេសខេត្តសៀមរាប តាមច្រកផ្លូវគោកដោយរថយន្ត នៅក្នុងអាណត្តិការងារការទូតរបស់លោកផ្ទាល់។

ជាមួយគ្នានេះ លោក វង្សី វិស្សុត បានសង្កត់ធ្ងន់លើការពង្រឹងការតភ្ជាប់ក្នុងអនុតំបន់មេគង្គ ជាពិសេសការតភ្ជាប់រវាង ចិន-ឡាវ-កម្ពុជា តាមរយៈហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនផ្លូវគោក ផ្លូវដែក និងផ្លូវទឹក ដើម្បីជំរុញពាណិជ្ជកម្ម ការវិនិយោគ និងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់។លោកថា កម្ពុជា និងឡាវ គួរបន្តសហការយ៉ាងជិតស្និទ្ធ ដើម្បីទាញយកប្រយោជន៍ពីទីតាំងភូមិសាស្ត្រ និងសក្តានុពលសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរ ស្របតាមនិន្នាការនៃការអភិវឌ្ឍក្នុងតំបន់។ ជាមួយគ្នានេះ លោកបញ្ជាក់ថា កម្ពុជាស្វាគមន៍ការប្រើប្រាស់កំពង់ផែសមុទ្រកម្ពុជាជាច្រកនាំចេញរបស់ឡាវទៅកាន់ទីផ្សារអន្តរជាតិ ពិសេសការប្រើប្រាស់ព្រែកជីកហ្វូណនតេជោតែម្តង។

តាមរយៈជំនួបនោះ ភាគីទាំងពីរ ក៏បានពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ និងការផ្លាស់ប្តូរប្រជាជននិងប្រជាជន ព្រមទាំងលទ្ធភាពនៃការចងសម្ព័ន្ធមេត្រីភាពរវាងខេត្តកំពង់ធំរបស់កម្ពុជា ជាមួយនឹងខេត្តចំប៉ាសាក់របស់ឡាវ សម្រាប់ជាឧត្តមប្រយោជន៍នៃប្រទេសទាំងពីរ៕ អត្ថបទ៖ហ្សាលីន