ក្រុមហ៊ុនអាកាសចរណ៍ Global X Airlines បានបង្ហាញពីបំណងចង់បើកក្រុមហ៊ុនអាកាសចរណ៍នៅកម្ពុជា។ ការបង្ហាញពីគោលបំណងរបស់ក្រុមហ៊ុននេះ នៅក្នុងជំនួបពិភាក្សាការងាររវាងលោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ជាមួយគណៈប្រតិភូ ក្រុមហ៊ុន Global X Airlines នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥។

គួរឱ្យដឹងថា Global X Airlines បានបើកដំណើរការនៅឆ្នាំ ២០២០ មានគោលបំណងផ្តល់សេវាកម្មអាកាសចរណ៍សម្រាប់អ្នកដំណើរ និងការដឹកជញ្ជូនទំនិញ។ Global X Airlines ផ្តោតលើការផ្តល់សេវាកម្មជូនទីផ្សារដែលមានតម្រូវការពិសេស ដូចជាការហោះហើរទៅកាន់កន្លែងខ្ពស់ ឬការប្រើប្រាស់អាកាសយានជាក្រុម។


ក្រុមហ៊ុននេះ បានប្រើប្រាស់យន្តហោះដែលមានសមត្ថភាពខ្ពស់ និងមានប្រព័ន្ធសុវត្ថិភាពទាន់សម័យ ។Global X Airlines ក៏មានគម្រោងនឹងពង្រីកបណ្តាញផ្តល់សេវាកម្ម និងការប្រតិបត្តិការ ដើម្បីបំពេញតម្រូវការរបស់អតិថិជននៅក្នុងទីផ្សារ។
គិតមកដល់ពេលនេះ កម្ពុជាមានក្រុមហ៊ុនអាកាសចរណ៍ចំនួន៤ហើយ ដែលកំពុងដំណើរការ មានមូលដ្ឋានក្នុងប្រទេស។ ក្រុមហ៊ុនទាំង៤នោះរួមមាន ក្រុមហ៊ុន Air Cambodia (អាកាសចរណ៍ជាតិកម្ពុជា), ក្រុមហ៊ុន Sky Angkor Ailines, ក្រុមហ៊ុន Cambodia Airway, ក្រុមហ៊ុន AirAsia Cambodia។
គិតត្រឹមឆ្នាំ២០២៤ អ្នកធ្វើដំណើរ តាមជើងហោះហើរ មានប្រមាណ៥.៦លាននាក់។ ជាមួយគ្នានេះ កម្ពុជារំពឹងថា នៅឆ្នាំ២០២៥ននេះ ចំនួនអ្នកធ្វើដំណើរ តាមជើងហោះហើរ មានការកើនឡើង លើស៧លាននាក់ នៅក្នុងមួយឆ្នាំផងដែរ៕



