កម្ពុជា និងស៊ុយអ៊ែត បានពិភាក្សាគ្នាអំពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា-ស៊ុយអ៊ែត និងស្វែងរកកាលានុវត្តភាពថ្មីៗបន្ថែមទៀត ក្នុងគោលបំណងសំដៅលើកកម្ពស់ទំនាក់ទំនងធុរកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ។

កិច្ចពិភាក្សានេះ បានធ្វើឡើងកាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ រវាង លោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ជាមួយ លោកស្រី Anna Hammargren ឯកអគ្គរាជទូតស៊ុយអែតប្រចាំកម្ពុជា។
ក្នុងជំនួបពិភាក្សាប្រកបដោយផ្លែផ្កានេះ ភាគីទាំងពីរបានលើកឡើង និងវាយតម្លៃខ្ពស់ចំពោះកំណើនទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរនាពេលកន្លងមក។ ជាមួយគ្នានេះ តំណាងរាជរដ្ឋាភិបាលកម្ពុជា និងភាគីស៊ុយអ៊ែត ក៏បានផ្លាស់ប្ដូរយោបល់យ៉ាងស៊ីជម្រៅលើរបៀបវារៈសំខាន់ៗមួយចំនួន រួមមាន ការគាំទ្រកម្ពុជាក្នុងការត្រៀមលក្ខណៈចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC) នាពេលខាងមុខ ព្រមទាំងការផ្លាស់ប្ដូរឧត្ដមានុវត្តន៍ពាក់ព័ន្ធនឹងបរិវត្តកម្មឌីជីថល និងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce)។

ក្រៅពីនេះ ជំនួបនេះក៏បានផ្តោតលើការរៀបចំយុទ្ធសាស្ត្រធ្វើពិពិធកម្មទីផ្សារ ការបង្កើនសមត្ថភាពប្រកួតប្រជែងក្នុងវិស័យផលិតកម្មរបស់កម្ពុជា ព្រមទាំងការទាក់ទាញការវិនិយោគប្រកបដោយចីរភាព និងការអភិវឌ្ឍសេដ្ឋកិច្ចបៃតង។
ភាគីទាំងពីរបានបង្ហាញការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបន្តកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងបើកឱកាសថ្មីៗសម្រាប់ធុរជន និងវិនិយោគិននៃប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើងថែមទៀត៕


