លោក ត្រាំ​ ប្រកាសថានឹងមិនអញ្ជើញអាហ្រ្វិកខាងត្បូងឲ្យចូលរួមកិច្ចប្រជុំកំពូល G20 នៅឆ្នាំក្រោយឡើយ

អន្តរជាតិ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសកាលពីពេលថ្មីៗនេះថា លោកនឹងមិនអញ្ជើញមន្ត្រីរបស់ប្រទេសអាហ្វ្រិកខាងត្បូងឲ្យចូលរួមនៅក្នុងកិច្ចប្រជុំកំពូល G20 ឆ្នាំក្រោយ នៅទីក្រុង Miami នោះឡើង ដោយសារតែមានការខឹងសម្បារទៅនឹងប្រទេសមួយនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងការបង្ហោះសារមួយនៅលើបណ្តាសង្គម Truth Social របស់ខ្លួនកាលពីថ្ងៃទី២៦ ខែវិច្ឆិកា លោក ត្រាំ​ បាននិយាយថា ៖”​ តាមការណែនាំរបស់ខ្ញុំ អាហ្រ្វិកខាងត្បូង នឹងមិនទទួលបានការអញ្ជើញឲ្យចូលរួមនៅក្នុងកិច្ចប្រជុំកំពូល G20 ដែលនឹងប្រព្រឹត្តធ្វើឡើងនៅទីក្រុង Miami ដ៏ស្រស់ស្អាត នៅឆ្នាំក្រោយនោះឡើយ។ អាហ្រ្វិកខាងត្បូងបានបង្ហាញពិភពលោកថា ពួកគេមិនសមនឹងក្លាយជាសមាជិកនៃអង្គការពិភពលោកណាមួយនោះឡើយ”។

ជុំវិញបញ្ហានេះ ត្រូវបានកើតឡើង បន្ទាប់ពីលោក ត្រាំ បានលើកឡើងពីការរំលោភសិទ្ធិមនុស្សប្រឆាំងទៅនឹងកសិករស្បែកសរបស់អាហ្រ្វិកខាងត្បូង ហើយប្រទេសនេះ ក៏ធ្លាប់បានបដិសេធការផ្ទេរតំណែងជាប្រធាន G20 ទៅឲ្យសហរដ្ឋអាមេរិក នៅចុងបញ្ចប់នៃកិច្ចប្រជុំ G20 នៅទីក្រុងJohannesburg កាលពីសប្តាហ៍មុន។

យ៉ាងណាមិញ ដោយបានឆ្លើយតបទៅនឹងការមិនអញ្ជើញរបស់លោក ត្រាំ ឱ្យចូលរួមកិច្ចប្រជុំកំពូលនេះ អាហ្វ្រិកខាងត្បូងបាននិយាយថា ខ្លួនជាសមាជិក G20 ពេញសិទ្ធិ ហើយឋានៈរបស់ខ្លួននៅក្នុងក្រុមនេះ នឹងត្រូវបានកំណត់ដោយសមាជិកផ្សេងទៀត។

លើសពីនេះ​ ការិយាល័យប្រធានាធិបតីអាហ្វ្រិកខាងត្បូងបាននិយាយផងដែរថា ៖”អាហ្វ្រិកខាងត្បូងគឺជាប្រទេសប្រជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញដែលមានអធិបតេយ្យភាព ហើយនឹងមិនទទួលយកការប្រមាថណាមួយពីប្រទេសណាមួយចំពោះសមាជិកភាព និងតម្លៃរបស់យើងនៅពេលចូលរួមក្នុងវេទិកាសកលនោះឡើយ”។ ការិយាល័យនេះ​ បានសង្កត់ធ្ងន់ទៀតថា ប្រទេសខ្លួននឹងនៅតែបន្តចូលរួមនៅរាល់កិច្ចប្រជុំរបស់ G20 ទាំងអស់៕​