ប្រធានាសភាអ៊ីរ៉ង់ ថាអ៊ីរ៉ង់មិនបានទុកចិត្តលើសហរដ្ឋអាមេរិកឡើយ តាំងពីមុនពេលចរចា

អន្តរជាតិ

ប្រធានសភាអ៊ីរ៉ង់ លោក Mohammad Ghalibaf បានបញ្ជាក់ថា ទីក្រុងតេអេរ៉ង់មិនបានទុកចិត្តទីក្រុងវ៉ាស៊ីនតោននោះឡើយ តាំងពីមុនពេលការចរចាចាប់ផ្តើមឡើង ហើយជុំវិញការបរាជ័យដែលកើនឡើងក្នុងអំឡុងពេលចរចា នៅប្រទេសប៉ាគីស្ថាននោះ ហាក់មិនមែនជារឿងអ្វីគួរឲ្យភ្ញាក់ផ្អើលនោះឡើយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Ghalibaf បាននិយាយប្រាប់ទៅកាន់អ្នកសារព័ត៌មាននៅថ្ងៃទី១៣ ខែមេសាថា៖” “មុនពេលការចរចា ខ្ញុំបានសង្កត់ធ្ងន់ថា អ៊ីរ៉ង់មានសុច្ឆន្ទៈ និងការតាំងចិត្តចាំបាច់ ប៉ុន្តែយើងមិនទុកចិត្តភាគីម្ខាងទៀតទេ ដោយសារតែបទពិសោធពីសង្គ្រាមពីរលើកមុន”។

គួរឲ្យដឹងថា លោក Ghalibaf បានដឹកនាំគណៈប្រតិភូអ៊ីរ៉ង់ទៅកាន់ប្រទេសប៉ាគីស្ថាន ដើម្បីពិភាក្សាជាមួយតំណាងសហរដ្ឋអាមេរិក ដែលដឹកនាំដោយអនុប្រធានាធិបតី លោក JD Vance។ ក្នុងកិច្ចចរចានោះលោកបានបង្ហាញថា អ៊ីរ៉ង់បានដាក់សំណើចំនួន ១៦៨ ដែលមានលក្ខណៈស្ថាបនា និងឆ្ពោះទៅមុខ ប៉ុន្តែភាគីសហរដ្ឋអាមេរិក បានបរាជ័យក្នុងការបង្ហាញពីទំនុកចិត្ត នៅក្នុងការចរចាលើកនេះ។

ប្រធានសភាអ៊ីរ៉ង់រូបនេះ​ បានថ្លែងទៀតថា ការទូតគឺជាវិធីសាស្ត្រមួយដើម្បីការពារផលប្រយោជន៍របស់អ៊ីរ៉ង់ រួមជាមួយនឹងសកម្មភាពយោធា ហើយបានអះអាងថា ទីក្រុងតេអេរ៉ង់នឹងមិនដែលបញ្ឈប់កិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការបង្រួបបង្រួមផលប្រយោជន៍ដែលទទួលបានក្នុងអំឡុងពេលជម្លោះជាងមួយខែកន្លងមកនេះនោះឡើយ៕​