មហាសេដ្ឋីបាល់ទាត់ Ronaldo និងភរិយា ចុះកិច្ចព្រមព្រៀងមួយមុនការ ដើម្បីរក្សាទ្រព្យ និងនាមត្រកូលដាច់ដោយឡែក

អន្តរជាតិ

មហាសេដ្ឋីបាល់ទាត់ Cristiano Ronaldo និងភរិយាទើបរៀបការថ្មីថ្មោងរបស់លោក គឺអ្នកនាង Georgina Rodriguez ត្រូវបានគេរាយការណ៍ថាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយមុនពេលរៀបការដែលគ្របដណ្តប់លើការបែងចែកទ្រព្យសម្បត្តិ និងរក្សានាមត្រកូលដើមរបស់ពួកគេ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយរបស់ Jornal de Noticias កាលពីថ្ងៃទី១៣ ខែសីហា បានបង្ហាញថាគូស្នេហ៍ដ៏ល្បីល្បាញនេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមុនរៀបការនៅការិយាល័យសារការីមួយក្នុងទីក្រុង Lisbon នៅថ្ងៃទី១០ ខែសីហា ពោលគឺមួយថ្ងៃមុនពិធីមង្គលការឯកជនរបស់ពួកគេ ដែលរៀបចំឡើងនៅទីក្រុង Cascais ប្រទេសព័រទុយហ្គាល់។

ក្រោមកិច្ចព្រមព្រៀងនេះ ភាគីនីមួយៗ នឹងរក្សាកម្មសិទ្ធិពេញលេញនៃទ្រព្យសម្បត្តិដែលពួកគេមាន ឬរកបានទាំងមុន និងក្រោយពេលរៀបការ។ ហើយចំពោះទ្រព្យសម្បត្តិថ្មីៗណាមួយដែលបានទិញរួមគ្នា នឹងក្លាយជាទ្រព្យសម្បត្តិរួម។

ឯកសារដដែលនេះក៏បង្ហាញផងដែរថា គូស្នេហ៍នេះមិនបានផ្លាស់ប្តូរនាមត្រកូលរបស់ពួកគេបន្ទាប់ពីរៀបការរួចនោះឡើយ។ ពួកគេនឹងរក្សាលំនៅដ្ឋានរបស់ពួកគេនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ជាកន្លែងដែលពួកគេបានរស់នៅចាប់តាំងពី Ronaldo បានចូលរួមជាមួយក្លិបបាល់ទាត់ Al-Nassr ក្នុងឆ្នាំ២០២២ មក។

គួរជម្រាបជូនថា យោងតាមសារព័ត៌មានព័រទុយហ្គាល់បានបង្ហាញថា ពិធីមង្គលការរបស់តារាបាល់ទាត់កំពូលរូបនេះ​ បានរៀបចំធ្វើឡើងក្នុងលក្ខណៈឯកជនយ៉ាងសាមញ្ញ ដោយមានការរួមតែក្រុមគ្រួសារ សាច់ញាត្តិ និងមិត្តភក្តិជិតស្និទ្ធរបស់ពួកគេប៉ុណ្ណោះ។ គូស្នេហ៍នេះបានជួបគ្នាជាលើកដំបូងនៅឆ្នាំ២០១៦ នៅហាង Gucci មួយក្នុងទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ ជាកន្លែងដែល Rodriguez ធ្វើការជាជំនួយការផ្នែកលក់។ ពួកគេបានប្រកាសភ្ជាប់ពាក្យជាមួយគ្នា នៅខែសីហា ឆ្នាំ២០២៥៕​