មន្ទីរបញ្ចកោណ បានជ្រើសរើសទាហានរាប់រយនាក់ក្នុងឯកសណ្ឋានដើម្បីទស្សនាការប្រកួត UFC នៅសេតវិមាន ដោយទាមទារឱ្យពួកគេបំពេញតាមស្តង់ដារសម្បទារាងកាយមួយចំនួន។

យោងតាមកាសែត Washington Post បានរាយការណ៍នៅថ្ងៃទី២៩ ខែឧសភាថា មន្ទីរបញ្ចកោណទើបតែបានផ្ញើសំណើជាផ្លូវការទៅកាន់បុគ្គលិកយោធាអាមេរិករាប់រយនាក់ ដោយស្នើសុំឱ្យពួកគេចូលរួមការប្រកួត Ultimate Fighting Championship (UFC) នៅលើបរិវេណសេតវិមាននៅថ្ងៃទី១៤ ខែមិថុនាខាងមុខ។
ទន្ទឹមនឹងនេះ ប្រព័ន្ធផ្សព្វផ្សាយអាមេរិក ដោយដកស្រង់ព័ត៌មានដែលចែករំលែកដោយមន្ទីរបញ្ចកោណនៅលើក្រុមហ្វេសប៊ុកយោធាឯកជនមួយ បានបង្ហាញឲ្យដឹងទៀតថា មានតែសមាជិកយោធាដែលមិនធាត់ និងបំពេញតាមតម្រូវការកម្ពស់ និងទម្ងន់ជាក់លាក់ប៉ុណ្ណោះដែលនឹងមានសិទ្ធិចូលរួមទស្សនាការប្រកួតនេះ ដោយឥតគិតថ្លៃ។
គួរជម្រាបជូនថា សេតវិមានកំពុងរៀបចំការប្រកួតដាល់ UFC ដ៏ធំមួយ សម្រាប់ទស្សនិកជនចំនួន ៥ ០០០ នាក់ នៅលើទីលាន South Lawn របស់សេតវិមាន ដើម្បីអបអរសាទរខួបលើកទី២៥០ នៃទិវាឯករាជ្យអាមេរិក។ ព្រឹត្តិការណ៍នេះក៏ស្របពេលជាមួយខួបកំណើតគម្រប់ ៨០ឆ្នាំរបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ និងទិវាទង់ជាតិអាមេរិក ផងដែរ៕

