ពលរដ្ឋស្វីស ចេញមុខតវ៉ាប្រឆាំងទៅនឹងការដាក់ពន្ធ ៥០% លើអ្នកមានកំពូលៗ

អន្តរជាតិ

រដ្ឋាភិបាលស្វីស កាលពីពេលថ្មីៗនេះ​ បានដាក់ចេញសំណើពន្ធមរតកថ្មីមួយដែលបានស្នើឡើងដើម្បីដាក់ទៅលើអ្នកមានកំពូលៗនៅក្នុងប្រទេស ប៉ុន្តែវាត្រូវបានបដិសេធវិញ នៅក្នុងការបោះឆ្នោតមួយ កាលពីសប្តាហ៍មុន ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ប្រជាជនស្វីស បានបោះឆ្នោតលើសំណើមួយដើម្បីដាក់ពន្ធ ៥០% លើអ្នកដែលមានទ្រព្យសម្បត្តិ ៥០លានហ្វ្រង់ស្វីស (៦២លានដុល្លារ) ឬច្រើនជាងនេះ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ៧៨% នៃពលរដ្ឋស្វីសដែលចូលរួមបោះឆ្នោតទាំងអស់ បានប្រឆាំងទៅនឹងផែនការនេះ។

យ៉ាងណាក៏ដោយ ជុំវិញវិធានាការថ្មីនេះ ធនាគារកណ្តាលស្វីស កំពុងតាមដានការបោះឆ្នោតយ៉ាងដិតដល់ ដោយមើលឃើញថាវាជាការសាកល្បងកម្រិតនៃការគាំទ្រ សម្រាប់ការចែកចាយទ្រព្យសម្បត្តិឡើងវិញ នៅក្នុងប្រទេសស្វីស។ ហើយជាមួយគ្នានោះ ប្រទេសជាច្រើនទៀត ដូចជាប្រទេសន័រវេស ការអនុម័តពន្ធលើទ្រព្យសម្បត្តិ ក៏កំពុងមានការជជែកវែកញែក ស្រដៀងគ្នានេះផងដែរ។

គួរឲ្យដឹងផងដែរថា សំណើដើម្បីដាក់ពន្ធមរតក ៥០% ត្រូវបានដាក់ចេញដោយក្រុមយុវជននៃគណបក្សប្រជាធិបតេយ្យសង្គម (JUSO) ដើម្បីផ្តល់មូលនិធិដល់គម្រោងដើម្បីកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។ បើតាមលោកស្រី Mirjam Hostetmann មេដឹកនាំ JUSO បាននិយាយថា អ្នកមានទ្រព្យសម្បត្តិច្រើនកំពុងបំផ្លាញអាកាសធាតុជាមួយនឹងការចំណាយហួសហេតុរបស់ពួកគេ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ មេដឹកនាំអាជីវកម្មធំៗនៅក្នុងប្រទេស បានជំទាស់យ៉ាងខ្លាំងចំពោះគំនិតផ្តួចផ្តើមនេះ ដោយអះអាងថាវាអាចនឹងបណ្តេញអ្នកមានៗ ចេញពីប្រទេសស្វីស និងកាត់បន្ថយប្រាក់ចំណូលរដ្ឋាភិបាលទាំងមូល៕​