ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រមូលចំណូលចូលថវិកាជាតិសរុបចំនួនជាង ១៨១លានដុល្លារអាមេរិក នៅក្នុងឆ្នាំ២០២៥នេះ កើនឡើងប្រមាណ ១០% បើធៀបទៅនឹងរយៈពេលដូចគ្នា កាលឆ្នាំ២០២៤។

ក្នុងកម្មវិធីសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅការងារបន្តឆ្នាំ២០២៦ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្តីការក្រសួង, ឯកឧត្តម ថេង ច័ន្ទសង្វារ រដ្ឋលេខាធិការ បានបញ្ជាក់ក្នុងរបាយការណ៍សង្ខេបថា សម្រាប់ការងារចំណូលក្នុងឆ្នាំ២០២៥ ក្រសួងរៀបចំដែនដី បានប្រមូលចំណូលចូលថវិកាជាតិសរុបចំនួន ៧២៤ ២១៩ ២១១ ៤៨៩រៀល (ជាង ១៨១លានដុល្លារ) កើនឡើង ១០,០៦% បើធៀបនឹងឆ្នាំ២០២៤ ក្នុងនោះ ចំណូលរបស់រដ្ឋបាលកណ្តាលចំនួន ៣៩ ៦៣៣ ៥៨៥ ១៤៤រៀល និងចំណូលរបស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានី ខេត្ត ចំនួន ៦៨៤ ៥៨៥ ៦២៦ ៣៤៥រៀល (ពន្ធប្រថាប់ត្រាប្រមូលដោយអគ្គនាយកដ្ឋានពន្ធដារចំនួន ៥១២ ០៣៩ ០៣៥ ០០០រៀល)។
សូមជម្រាបថា ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ ខាងលើនេះដែរ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានគូសបញ្ជាក់ផងដែរថា ទន្ទឹមនឹងទទួលបានសមិទ្ធផលដ៏ត្រចះត្រចង់សម្រាប់សង្គមជាតិទាំងមូល លោកសូមសំណូមពរឱ្យអង្គសន្និបាតគិតគូរពីការផ្លាស់ប្តូរនូវផ្នត់គំនិត និងរបៀបរបបនៃការគិតគូរលើវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីឧត្តមប្រយោជន៍ជាតិមាតុភូមិ និងប្រជាជនកម្ពុជា៕









