ក្នុងរយៈពេល១១ខែមកនេះ គ្រឹះស្ថានអង្គររកចំណូលបានជាង ៤០លានដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ឱ្យភ្ញៀវទេសចរអន្តរជាតិជាង៨៦ម៉ឺននាក់។ នេះបើតាមសេចក្តីប្រកាសព័ត៌មានប្រចាំខែរបស់គ្រឹះស្ថានអង្ករ កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥។

របាយការណ៍គ្រឹះស្ថានអង្គរបានឱ្យដឹងថា រយៈពេល១១ខែ ឆ្នាំ២០២៥នេះ ចំនួនភ្ញៀវទេសចរទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរមានចំនួន ៨៦៧ ១៩៥នាក់ ធ្លាក់ចុះ ៣,៤៧% បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤ ។ ចំណែកឯចំណូលវិញមាន ៤០ ៤៨០ ៩៤៥ដុល្លារ ធ្លាក់ចុះ ៣,៤១% បើធៀបនឹងឆ្នាំ២០២៤។
ដោយឡែក បើគិតក្នុងខែវិច្ឆិកាវិញ ទេសចរទិញសំបុត្រមានចំនួន ១០១ ៦៧៧នាក់ ថយចុះ ១៨,០៩% និងចំណូលទទួលបាន ៤ ៩០៥ ១៦៤ដុល្លារ ថយចុះ ១៧,១៥% បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤។
គួរបញ្ជាក់ថា សម្រាប់ការលក់សំបុត្រចូលទស្សនា ប្រាសាទកោះកែ គិតចាប់ពីខែមករា រហូតដល់ខែវិច្ឆិកា ឆ្នាំ២០២៥ ទទួលបានចំណូលប្រមាណជាង២៧ម៉ឺនដុល្លារ។ ចំណែកចំណូលពីការលក់សំបុត្រទូកវិញ មានជាង១លាន ១៦ម៉ឺនដុល្លារ។
សូមបញ្ជាក់ដែរថា ក្នុងរយៈពេល១១ខែដើមឆ្នាំនេះ រាជរដ្ឋាភិបាលបានឧបត្ថម្ភថវិកាដែលប្រមូលបានពីវិស័យទេសចរណ៍នេះចូលទៅក្នុងមូលនិធិនៃមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជាជាង១,៧លានដុល្លារ ដើម្បីជួយទ្រទ្រង់ក្នុងមូលនិធិសម្រាប់សង្គ្រោះជីវិតកុមារកម្ពុជា៕


