វៀតណាម នៅតែរំពឹងថាខ្លួនអាចឈានដល់គោលដៅក្នុងការសម្រេចបាននូវការនាំចេញអាហារសមុទ្រចំនួន ១១ពាន់លានដុល្លារ នៅឆ្នាំនេះ បើទោះបីជាមានកំណើនយឺតយ៉ាវ ក្នុងការនាំចេញទៅកាន់សហរដ្ឋអាមេរិក ដោយសារតែពន្ធគយខ្ពស់ក៏ដោយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

ការនាំចេញអាហារសមុទ្ររបស់វៀតណាម បានកើនឡើង ១៥% ក្នុងរយៈពេល ១០ខែដំបូង ឆ្នាំនេះ ដល់ ៩,៥ពាន់លានដុល្លារ ដែលជំរុញដោយការនាំចេញបង្គា ដែលមានចំនួនជាង ៤០% នៃចំនួនសរុប ។នេះបើយោងតាមសមាគមអ្នកនាំចេញ និងអ្នកផលិតអាហារសមុទ្រវៀតណាម (VASEP)។
ទន្ទឹមនឹងនេះការនាំចេញទៅកាន់សហរដ្ឋអាមេរិកបានចាប់ផ្តើមថយចុះនៅក្នុងត្រីមាសទីបី ជាពិសេសបង្គា និងត្រី Pangasius បន្ទាប់ពីមានការដាក់ពន្ធគយ ២០% លើការនាំចូលអាហារសមុទ្រពីវៀតណាមបានចូលជាធរមាន នៅខែសីហា។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ នៅតែមានការរំពឹងទុកចំពោះការនាំចេញខ្ពស់ទៅកាន់ទីផ្សារផ្សេងទៀត ដូចជាប្រទេសចិន ដោយពួកគេបានទិញអាហារសមុទ្រវៀតណាម ជាង ២ពាន់លានដុល្លារក្នុងរយៈពេល ១០ខែដំបូង ដែលជាការកើនឡើង ៣២%។
មិនតែប៉ុណ្ណោះ ការនាំចេញទៅកាន់ប្រទេសជប៉ុនបានកើនឡើង ១៥,២% ដល់ ១,៤ពាន់លានដុល្លារ បើទោះបីជារូបិយប័ណ្ណយ៉េនធ្លាក់ចុះក៏ដោយ។ កាណាដា អូស្ត្រាលី ជប៉ុន គឺជាទីផ្សារដែលមានការរីកចម្រើនលឿនបំផុត ចំពោះការនាំចេញអាហារសមុទ្រពីវៀតណាម បើធៀបទៅនឹងទីផ្សារផ្សេងទៀត៕

