យោងតាមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក Howard Lutnick បានប្រកាសឲ្យដឹងនៅថ្ងៃទី២ ខែធ្នូនេះថា សហរដ្ឋអាមេរិក នឹងកាត់បន្ថយពន្ធគយលើការនាំចូលរថយន្តរបស់កូរ៉េខាងត្បូង មកនៅត្រឹម ១៥% ដែលមានប្រសិទ្ធភាពចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ពោលគឺស្មើទៅនឹងកម្រិតពន្ធដែលដាក់លើរថយន្តរបស់ជប៉ុន និងសហភាពអឺរ៉ុបដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

លោក Lutnick បាននិយាយនៅក្នុងសារមួយដែលបានបង្ហោះនៅលើបណ្តាញសង្គម X ថា ការផ្លាស់ប្តូរចុងក្រោយនេះ គឺបានកើតឡើងស្របទៅតាមកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដែលបានប្រកាសកាលពីខែមុន និងធ្វើតាមការណែនាំរបស់កូរ៉េខាងត្បូង អំពីសេចក្តីព្រាងច្បាប់ដើម្បីអនុវត្តការសន្យាវិនិយោគសម្រាប់សហរដ្ឋអាមេរិក។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិករូបនេះ បាននិយាយទៀតថា ៖” ជាការឆ្លើយតប អាមេរិកនឹងបន្ថយពន្ធមួយចំនួន ក្រោមកិច្ចព្រមព្រៀងនេះ រួមទាំងពន្ធលើរថយន្តផងដែរ មកនៅត្រឹម ១៥% ដែលមានប្រសិទ្ធភាព ចាប់ពីថ្ងៃទី១ ខែវិច្ឆិកាតទៅ”។
ជម្រាបជូនថា កិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីនេះក៏បានកំណត់ពន្ធសន្តិសុខជាតិនាពេលអនាគតលើឧបករណ៍អេឡិចត្រូនិក និងឱសថមកនៅត្រឹម ១៥% ដែលធ្វើឱ្យកូរ៉េខាងត្បូង មានកម្រិតពន្ធស្មើគ្នាជាមួយដៃគូប្រជែងអាស៊ីរបស់ខ្លួន គឺជប៉ុន និងតៃវ៉ាន់ ផងដែរ។ សហរដ្ឋអាមេរិកពីមុនបានយកពន្ធ ២៥% លើការនាំចូលពីប្រទេសកូរ៉េខាងត្បូង រួមទាំងពន្ធលើរថយន្តដែលទាក់ទងនឹងសន្តិសុខជាតិ៕

